ជំងឺផ្លូវចិត្ត សំដៅលើបញ្ហាផ្លូវអារម្មណ៍ ការបាក់ទឹកចិត្ត ការពិបាកចិត្តជាប់រហូត និងបាត់បង់ចំណង់ចំណូលចិត្តជាដើម។ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ធ្ងរជាងនេះ។ សញ្ញាទាំងនោះមានដូចជា៖
១.ការផ្លាស់ប្តូរអារម្មណ៍៖ ជំងឺផ្លូវចិត្តគឺជាភាពច្របូកច្របល់ចិត្តដែលមានឥទ្ធិពលលើអារម្មណ៍និងការគិតចំពោះជិវិតរបស់ខ្លួនឯង។ ការដែលគេមានអារម្មណ៍ថាអស់សង្ឃឹមក្នុងជីវិតគឺជាសញ្ញាទូទៅរបស់មនុស្ស។ ជួនកាលមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ស្អប់ខ្លួនឯង មានអារម្មណ៍ថាមានកំហុស ឬតែងបន្ទោសខ្លួនឯងចំពោះអ្វីដែលកើតឡើងជាដើម។
២.បាត់បង់ចំណង់ចំណូលចិត្ត៖ ពេលមានការធ្លាក់ទឹកចិត្តគឺមនុស្សហាក់ដូចជាភ្លេចនូវអ្វីដែលខ្លួនចូលចិត្តនិងអ្វីដែលជាការសប្បាយរបស់ខ្លួន មានដូចជា ការលេងកីឡា ការកម្សាន្ត ដើរលេងជាមួយមិត្តភក្តិ និងអ្វីច្រើនទៀតដែលធ្លាប់ជាចំណូលចិត្តរបស់ខ្លួន។
៣.អស់កម្លាំង៖ ជំងឺផ្លូវចិត្តនេះធ្វើឱ្យយើងគ្មានថាមពល គ្មានសមត្ថភាព គេងច្រើន ឬក៏មិនគេងតែម្តង ភាពទាំងអស់នេះអាចនាំឱ្យពួកគេទៅជាខឹងច្រើនអត់ហេតុផលក៏មាន។
៤.មិនអាចគ្រប់គ្រងអារម្មណ៍បាន៖ ជំងឺផ្លូវចិត្តនេះគឺធ្វើឱ្យអ្នកមានអារម្មណ៍មិននឹងនរ ប្រើសម្លេងខ្លាំងៗ ផ្លាស់ប្តូរអត្តចរិត ហើយមានអារម្មណ៍ប្តូរលឿន អ្វីទាំងនេះហើយធ្វើឱ្យយើងអាចសង្កេតខ្លួនឯងបាន។
៥.ត្រូវការជំនួយ៖ ជំងឹនេះគឺធ្វើឱ្យមនុស្សបាត់បង់ចិត្តគំនិតក្នុងការដោះស្រាយបញ្ហាឬក៏គ្មានសមត្ថភាពដោះស្រាយតែម្តង ហេតុនេះពួកគេត្រូវការការជួយពីអ្នកដទៃ ហើយក៏ត្រូវការការលើកទឹកចិត្តផងដែរ។
៦.គិតអវិជ្ជមាន ឬគិតខ្លី៖ អ្វីដែលគួរឱ្យខ្លាចជាងគេសម្រាប់ជំងឺនេះគឺវាទាក់ទងនឹងការធ្វើអត្តឃាត។ ជាធម្មតាអ្នកមានជំងឺនេះអាចនឹងមិនមានអាការៈអ្វីដែលបង្ហាញថាចង់ធ្វើអត្តឃាតទេ ហេតុនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះមនុស្សបែបនេះ៕
ប្រភព៖sanook










