ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដា ដោយលើកឡើងពី៥ចំណុចឆ្លុះបញ្ចាំងឱ្យឃើញថាការបោះឆ្នោតនៅកម្ពុជាមានភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជាដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

តាមការសង្កេត ដោយផ្ទាល់និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ខាងលើនេះ ក្រសួងបានលើកឡើងមានដូចជា ៖
១. អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក៖ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើស គណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថាអាចដឹកនាំប្រទេស ជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រា អ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកន ប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។

២. ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យ៖ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញ ពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការ លាបពណ៌ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការ ផ្លាស់ប្ដូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យនិងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។

៣. អ្នកសង្កេតការណ៍មិនលំអៀង ៖ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជន កម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០ ០០០ នាក់និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០ ០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោត។

៤. ការគោរពតាមច្បាប់ជាធរមាន៖ សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ខាងលើបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតសកលនៅកម្ពុជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងប្រកបដោយបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាម ច្បាប់ជាធរមាន។ ឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រីនិងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ ត្រូវបានទទួលការកត់សម្គាល់ផងដែរ។

៥. ពហុបក្សនយោបាយប្រកបដោយបរិយាបន្ន៖ ដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ ដោយផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាពនិងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។ សិទ្ធិ និងការទទួលខុសត្រូវ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់បោះឆ្នោតមានសារៈសំខាន់និងភាពចាំបាច់ ដើម្បីធានាបាននូវភាពមិនលំអៀងនៃដំណើរការបោះឆ្នោត។អ្នកដែលមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវ ត្រូវទទួលរងនូវផលវិបាក៕