ប្រទេសបារាំង ៖ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងមក ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា មានមនុស្សជាង៧០០នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ។ តុលាការបានចោទប្រកាន់ពួកគេពីបទបង្កចលាចលនៅទូទាំងប្រទេសបារាំង កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Eric Dupond-Moretti បានថ្លែងទៅកាន់ស្ថានីយវិទ្យុក្នុងប្រទេសថា វាចាំបាច់ណាស់ដែលអាជ្ញាធរត្រូវចាត់វិធានការប្រឆាំងដាច់ខាតនឹងការប្រើអំពើហិង្សា និងជាប្រព័ន្ធផងដែរ ពីព្រោះការរៀបចំសណ្តាប់ធ្នាប់នៅក្នុងប្រទេសបារាំង គឺជារឿងសំខាន់ ។
តុលាការបានកាត់ទោសក្រុមបង្កចលាចលសរុបចំនួន១.២៧៨នាក់ ក្នុងនោះ៩៥% ត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធនឹងបទចោទប្រកាន់ផ្សេងៗដូចជា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ រហូតដល់វាយតប់មន្ត្រីប៉ូលិសជាដើម ។ តុលាការបានកាត់ទោសមនុស្សជាង៧០០នាក់ឱ្យជាប់ពន្ធនាគារ ក្នុងនោះគេបានចាប់ខ្លួនមនុស្ស៦០០នាក់ទៅដាក់ពន្ធនាគាររួចហើយ ។ គេសង្កេតឃើញថា ការបង្កចលាចលនេះធ្ងន់ធ្ងរជាងកាលពីឆ្នាំ២០០៥ ទៅទៀត ខណៈកាលពីឆ្នាំ២០០៥ មានអ្នកជាប់ពន្ធនាគារប្រមាណ៤០០នាក់ ។
ការបង្កចលាចលលើកចុងក្រោយនៅប្រទេសបារាំង មានមនុស្សជាង៣.៧០០នាក់ត្រូវបានគេចាប់ខ្លួន ក្នុងនោះមានយុវជនអាយុត្រឹម១៧ឆ្នាំផងដែរ ហើយគេបានបញ្ជូនយុវជនដែលប្រព្រឹត្តខុសទៅកាន់តុលាការយុវជន ។ ចំពោះមូលហេតុនាំឱ្យមានការប្រើហិង្សានេះ ដោយសារប៉ូលិសបានបា.ញ់យុវជនម្នាក់ជនជាតិអាល់ហ្សេរី មានអាយុ១៧ឆ្នាំ បណ្តាលឱ្យស្លា.ប់កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមក ។ ប៉ូលិសនិយាយថា បានហៅយុវជនខាងលើឱ្យចតរថយន្ត ដើម្បីត្រួតពិនិត្យក្នុងតំបន់ Nanterre នៅភាគខាងលិចទីក្រុងប៉ារីស ។
ចាប់ពីពេលនោះមក ក៏មានការធ្វើបាតុកម្មជាប់ៗគ្នាចំនួន៤យប់ ហើយអាជ្ញាធរបានបញ្ជូនភ្នាក់ងារសន្តិសុខរហូតដល់៤៥.០០០នាក់ រួមទាំងប្រើប្រាស់រថពាសដែកផងដែរ ដើម្បីចេញល្បាតនៅតាមកន្លែងប្រើហិង្សានានា រហូតអាចគ្រប់គ្រងស្ថានការណ៍បាន ៕ ប្រភព ៖ TNN World










