ប្រទេសថៃ ៖ ប្រធានរដ្ឋសភាថៃបានកំណត់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ហើយនៅថ្ងៃនោះ គេនឹងមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជនឈរឈ្មោះទៀតទេ ។ ប្រធានរដ្ឋសភាលើកឡើងថា គណបក្សនយោបាយត្រូវតែបញ្ជាក់ពីគុណសម្បត្តិរបស់បេក្ខជនឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី ឱ្យបាន៥ម៉ោងមុនពេលចាប់ផ្តើមបោះឆ្នោត ។
កាលពីថ្ងៃទី១៩ ខែកក្កដា ប្រធានរដ្ឋសភា លោក Wan Muhamad Noor Matha បានលើកឡើងថា ការប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលបន្ទាប់ គឺនៅថ្ងៃទី២៧ ខែកក្កដា វេលាម៉ោង៩និង៣០នាទីព្រឹក ហើយគ្មានការរៀបចំផែនការអ្វីច្រើនទេ គឺដំណើរការតាមច្បាប់ ។ នៅពេលចូលដល់របៀបវារៈ នឹងមានការស្នើឈ្មោះបុគ្គលមកពីគណបក្សនយោបាយដែលសាកសមធ្វើជានាយករដ្ឋមន្ត្រី ។ បន្ទាប់មក នឹងបើកការពិភាក្សាអំពីលក្ខណៈសម្បត្តិរបស់បេក្ខជននីមួយៗ ហើយបើគ្មានបញ្ហាអ្វីទេ នឹងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា២៧២ ។
លោក Wan Muhamad បន្តថា លោកមិនទាន់ជ្រាបថា នឹងមានឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីប៉ុន្មាននាក់ទេ ប៉ុន្តែត្រូវជ្រើសរើសយកអ្នកដែលទទួលបានសំឡេងគាំទ្រលើស៣៧៤សំឡេង គឺនឹងបានក្លាយជានាយករដ្ឋមន្ត្រី ។ ចំណែកពេលវេលាសម្រាប់កិច្ចពិភាក្សាមិនទាន់បានកំណត់នៅឡើយទេ ហើយអាចនឹងជជែកគ្នាម្តងទៀត បន្ទាប់មក នឹងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាមវិធីសាស្ត្រដើម ។
*តើនៅថ្ងៃទី២៧ ខែកក្កដា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនឹងត្រូវបញ្ចប់ឬអត់ ?
លោក Wan Muhamad ឆ្លើយថា មិនទាន់ដឹងទេ ប៉ុន្តែប្រជាពលរដ្ឋចង់ឱ្យការបោះឆ្នោតរួចរាល់ និងជ្រើសរើសនាយករដ្ឋមន្ត្រីបានឆាប់រហ័ស ។
*បើមានការផ្លាស់ប្តូរ តើអាចដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃដែរឬទេ ?
លោក Wan Muhamad ឆ្លើយថា យោងតាមបទប្បញ្ញត្តិទី៤១ ក្នុងការបោះឆ្នោតនាថ្ងៃនោះ នឹងមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat បានទៀតទេ ៕ ប្រភព ៖ Mono News










