បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកចំនួនពីរគឺ Amazon និង Apple ត្រូវបានពិន័យជាប្រាក់សរុបរហូតដល់ ១៩៤ លានអឺរ៉ូ (ស្មើនឹង ២១៨ លានដុល្លារ) ដោយសារការប្រកួតប្រជែងមិនយុត្តិធម៌។
យោងតាមការចេញផ្សាយដោយអាជ្ញាធរត្រួតពិនិត្យការប្រកួតរបស់អេស្ប៉ាញនៅថ្ងៃទី ១៨ ខែកក្កដា បានឱ្យដឹងថា Amazon និង Apple បានព្រមព្រៀងគ្នាក្នុងការលក់ផលិតផល Apple នៅលើគេហទំព័ររបស់ Amazon ក្នុងប្រទេសអេស្ប៉ាញ ដោយនេះជាហេតុដែលកំពុងរារាំងការប្រកួតប្រជែងនៅក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍បាននិយាយថា “ជាង ៩០% នៃអ្នកលក់បន្តដែលប្រើប្រាស់គេហទំព័រ Amazon ដើម្បីលក់ផលិតផល Apple ត្រូវបានដកចេញពីទីផ្សារអនឡាញដ៏សំខាន់មួយរបស់ប្រទេសអេស្ប៉ាញ”។ អាស្រ័យហេតុនេះ អាជ្ញាធរអេស្ប៉ាញបានសម្រេចចិត្តពិន័យក្រុមហ៊ុន Amazon ចំនួន ៥០,៥ លានអឺរ៉ូ និង Apple ចំនួន ១៤៣,៦ លានអឺរ៉ូ។ មូលហេតុនៃការផាកពិន័យនេះ គឺដោយសារក្រុមហ៊ុនទាំងពីរមិនបានប្រកួតប្រជែងគ្នា ដែលនេះធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងទីផ្សារនិងចំណោមអ្នកលក់ដទៃទៀត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Apple និង Amazon ត្រូវបានផាកពិន័យនៅអឺរ៉ុបពីបទបំពានច្បាប់ប្រកួតប្រជែង។ នៅខែធ្នូ ឆ្នាំ ២០២១ ប្រទេសអ៊ីតាលីបានពិន័យក្រុមហ៊ុន Amazon ចំនួន ១.១ ពាន់លានអឺរ៉ូ នៅខែតុលា ឆ្នាំ ២០២២ ប្រទេសបារាំងក៏បានពិន័យ Apple ចំនួន ៣៧១.៦ លានអឺរ៉ូផងដែរ៕
ប្រភព៖cafef.com










