ប្រទេសថៃ ៖ សារព័ត៌មានក្រៅប្រទេសបានចុះផ្សាយថា គណបក្សកាវក្លៃបានជួបនឹងការធ្វើរដ្ឋប្រហារទម្លាក់តាមផ្លូវច្បាប់ ហើយធ្វើឱ្យលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ត្រូវបានគេរារាំងគ្រប់វិធីមិនឱ្យធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ។

សារព័ត៌មានជប៉ុនឈ្មោះ Asia Nikkei បានចុះផ្សាយពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ ថា បើលោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ មិនទទួលបានជោគជ័យក្នុងការបោះឆ្នោតលើកទី២ ទេ គឺត្រូវឱ្យគណបក្សភឿថៃ ដែលទទួលបានសំឡេងគាំទ្រច្រើនលំដាប់ទី២ ធ្វើជាគណបក្សដឹកនាំបង្កើតរដ្ឋាភិបាល ។Thailand's Move Forward Party leader falls short in vote for prime minister

ទោះយ៉ាងណា សារព័ត៌មាន Asia Nikkei សម្លឹងឃើញថា បណ្តាសមាជិកព្រឹទ្ធសភាគ្មានទំនុកចិត្តមកលើគណបក្សភឿថៃទេ និងបារម្ភថា គណបក្សកាវក្លៃនឹងចូលរួមបង្កើតរដ្ឋាភិបាល ។ ហេតុនេះ វាមិនប្រាកដថា គណបក្សភឿថៃនឹងទទួលបានសំឡេងគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី រហូតដល់៣៧៥ពិន្ទុតាមច្បាប់កំណត់ទេ ។ គណបក្សភឿថៃអាចត្រូវសហការជាមួយគណបក្សរដ្ឋាភិបាលអាណត្តិមុនដើម្បីបង្កើតរដ្ឋាភិបាល ដើម្បីចៀសវាងការចន្លោះប្រហោងផ្នែកនយោបាយ ។

ចំណែកគណបក្សកាវក្លៃប្រឈមនឹងការធ្វើរដ្ឋប្រហារទម្លាក់ដោយស្របច្បាប់ និងការដាក់សម្ពាធមិនឱ្យលោក Pita Limjaroenrat បានកាន់តំណែងជានាយករដ្ឋមន្ត្រី ។ តុលាការធម្មនុញ្ញបានសម្រេចដកសមាជិកភាពសភារបស់លោក Pita Limjaroenrat នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលត្រូវគ្នានឹងថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ រហូតដល់តុលាការធម្មនុញ្ញបានពិចារណាករណីកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ ITV ។Thai parliament refuses opposition leader Pita second PM vote

សារព័ត៌មាន Asia Nikkei សម្លឹងឃើញទៀតថា តុលាការធម្មនុញ្ញ និងគណៈកម្មការរៀបចំការបោះឆ្នោតនៅប្រទេសថៃ គួរតែជាស្ថាប័នឯករាជ្យ ប៉ុន្តែស្ថាប័នទាំងពីរនេះបែរជាស្ថិតនៅក្រោមឥទ្ធិពលរបស់កងទ័ពទៅវិញ ។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ គឺជាការបិទទ្វារនយោបាយសម្រាប់លោក Pita Limjaroenrat និងគណបក្សកាវក្លៃ ។ គេរំពឹងថា អាចនឹងមានការបញ្ជាឱ្យរំលាយគណបក្សកាវក្លៃផងដែរ ៕ ប្រភព ៖ Mono News