ប្រទេសកាណាដា ៖ ភ្លើងឆេះព្រៃនៅប្រទេសកាណាដាបានរាលដាលរហូតដល់១.១០០កន្លែងហើយនៅឆ្នាំ២០២៣ នេះ ។ ភ្លើងនៅតែបន្តឆេះព្រៃចំនួនជាង៨៨០កន្លែង ក្នុងនោះ១១០កន្លែង គេមិនអាចគ្រប់គ្រងបានទេ ចំណែកផ្ទៃដីចំនួន២៥លានរ៉ៃត្រូវបានភ្លើងឆេះម៉ត់ ។ វាជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤០ឆ្នាំ ខណៈកាណាដាមានអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត ហើយកាណាដាបានអំពាវនាវឱ្យប្រទេសនានាបញ្ជូនមន្ត្រីពន្លត់ភ្លើងមកកាណាដាបន្ថែមទៀត ។
ការិយាល័យគ្រប់គ្រងភ្លើងឆេះព្រៃនៅរដ្ឋ British Columbia របស់កាណាដា បានរាយការណ៍ថា ភ្លើងឆេះព្រៃសរុបមានចំនួន១.១០០កន្លែងនៅឆ្នាំ២០២៣ ក្នុងរដ្ឋ British Columbia ហើយវាខ្ពស់ជាងចំនួនភ្លើងឆេះព្រៃរយៈពេល១០ឆ្នាំ ដែលបានកើតឡើងចំនួន៦២០កន្លែង ។
នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ មានភ្លើងឆេះព្រៃថ្មីៗចំនួន២៣៩កន្លែងនៅរដ្ឋ British Columbia ហើយធ្វើឱ្យភ្លើងឆេះព្រៃក្នុងរដ្ឋនេះកើនឡើងសរុប៣៧៣កន្លែង ក្នុងនោះ១១០កន្លែងមិនអាចគ្រប់គ្រងបានទេ ។ ចំណែក២៣កន្លែងទៀត គេបានប្រុងប្រយ័ត្នជាពិសេស ព្រោះវាបង្កផលប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ គំរាមកំហែងទីប្រជុំជន ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។
មជ្ឈមណ្ឌលកិច្ចការភ្លើងឆេះព្រៃប្រទេសកាណាដាបញ្ជាក់ថា ពេលនេះ នៅទូទាំងប្រទេសកាណាដាមានភ្លើងឆេះព្រៃសរុប៨៨១កន្លែង ហើយហេតុការណ៍នេះធ្ងន់ធ្ងរបំផុត គិតចាប់ពីឆ្នាំ១៩៨២ មក ។ ស្ថានការណ៍ធ្ងន់ធ្ងរបំផុត គឺនៅរដ្ឋ British Columbia និងរដ្ឋ Quebec ហើយរដ្ឋ Northwest Territories ក៏មានភ្លើងឆេះព្រៃដែរ ។ ចំណែកស្ថានការណ៍ភ្លើងឆេះព្រៃនៅរដ្ឋ Alberta គេអាចគ្រប់គ្រងបានហើយ ។
មន្ត្រីអន្តរាគមន៍ភ្លើងឆេះព្រៃប្រចាំរដ្ឋ British Columbia ដាស់តឿនថា វាចាប់ផ្តើមមានអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត ទើបបណ្តាលឱ្យភ្លើងឆេះព្រៃកាន់តែរាលដាលខ្លាំងឡើង ។ គេរំពឹងថា ភ្លើងឆេះព្រៃនឹងកាន់តែខ្លាំងក្លានៅខែកក្កដា រហូតដល់ខែសីហា ឆ្នាំ២០២៣ ។ ប៉ុន្តែពេលនេះ គ្មានអ្នកណាដឹងថា ភ្លើងឆេះព្រៃនឹងបញ្ចប់នៅពេលណាទេ ។
អាជ្ញាធរប្រចាំរដ្ឋ British Columbia បានស្នើសុំការជួយសង្គ្រោះពីប្រទេសនានា ដោយសុំឱ្យបញ្ជូនមន្ត្រីពន្លត់ភ្លើងចំនួន១.០០០នាក់បន្ថែមទៀតមកកាន់ទីនេះ ព្រោះបច្ចុប្បន្ន មានមន្ត្រីពន្លត់ភ្លើងនៅកាណាដាចំនួន១៨០នាក់មកពីអាមេរិក ម៉ិកស៊ិក និងអូស្ត្រាលី ។ អាជ្ញាធរប្រចាំរដ្ឋនេះ ក៏បានសុំការជួយសង្គ្រោះពីរដ្ឋាភិបាលកណ្តាលផងដែរ ដើម្បីបញ្ជូនកងទ័ពកាណាដាមកជួយពន្លត់ភ្លើង ៕
ប្រភព ៖ TNN World










