ពិតណាស់ រមៀតមិនត្រឹមតែជាគ្រឿងទេសក្នុងផ្ទះបាយដ៏ពេញនិយមប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះស្បែកផងដែរ។ នៅពេលដែលយើងលាបវានៅលើស្បែក សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងបាក់តេរី និងការរលាកពីធម្មជាតិអាចព្យាបាលបញ្ហាស្បែកផ្សេងៗបានយ៉ាងស័ក្ដិសិទ្ធិ។ ដូច្នេះហើយដើម្បីកម្ចាត់មុននិងរក្សាស្បែកឱ្យស្អាតបែបធម្មជាតិ ចូរអ្នកអនុវត្តគន្លឹះថែរក្សាសម្រស់ ៣ យ៉ាងពីរមៀត ដូចខាងក្រោម៖
១.រមៀត និងទឹកឃ្មុំ៖ គ្រឿងផ្សំមានដូចជា រមៀត ១ ផ្លែ និងទឹកឃ្មុំឆៅ ២ស្លាបព្រាបាយ។
របៀបធ្វើ លាងរមៀតឱ្យស្អាត បុករមៀតឱ្យម៉ត់ រួចចាក់ទឹកឃ្មុំចូលគ្នា បន្ទាប់មកយកល្បាយនេះលាបលើមុខ ទុកចោល ១៥-២០ នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។
២.រមៀត និងទឹកដោះគោស្រស់៖ គ្រឿងផ្សំមានដូចជា រមៀត ១ ផ្លែ និងទឹកដោះគោស្រស់គ្មានជាតិផ្អែម ៣ស្លាបព្រាបាយ។
របៀបធ្វើ លាយរមៀត និងទឹកដោះគោស្រស់ចូលគ្នា បន្ទាប់មកលាបល្បាយឱ្យស្មើគ្នាលើមុខ ទុកចោល ១៥-២០ នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។
៣.ម្សៅរមៀត និងម្សៅអង្ករ៖ គ្រឿងផ្សំមានដូចជា ម្សៅរមៀត, ម្សៅអង្ករ, ទឹកឃ្មុំ, និងទឹកដោះគោជូរ។
របៀបធ្វើ លាយម្សៅរមៀត ២ ស្លាបព្រាបាយ + ម្សៅអង្ករ ១-២ ស្លាបព្រាបាយ រួចបន្ថែមទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និង ទឹកដោះគោជូរ ២ ស្លាបព្រាកាហ្វេ ចូលគ្នា។ បន្ទាប់មកយកល្បាយនេះលាបលើស្បែក និងមុខ ហើយម៉ាស្សាថ្នមៗ ទុករយៈពេល ៣០នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។
បីចំនុចខាងលើនេះសម្រាប់នារីៗគួរអនុវត្តយ៉ាងតិចណាស់ ២ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតបែបធម្មជាតិ គ្មានមុន គ្មានស្នាម និងក្មេងជាងវ័យ៕ ប្រភព៖phuntoday.com










