ស្របពេលអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់ស្រាប់តែមានអ្នកនិយាយឱ្យគូស្នេហ៍តារាចម្រៀងភិទិជាស្រីមេម៉ាយកូនមួយខណៈអ្នកផ្សេងបានបង្ហាញមុខគូស្នេហ៍ជាស្រីក្រមុំ ធ្វើឱ្យតារារូបនេះចេញមុខប្រតិកម្មភ្លាមៗការពារគូស្នេហ៍ និងបានចោទសួរទៅវិញថា «មេម៉ាយមិនមែនមនុស្ស?»។
មិនមែនជាលើកទី១នោះទេដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថុល សុភិទិ ដែលបានចេញមុខការពារគូស្នេហ៍គឺអ្នកនាង ឡុង ម៉ានីន ចាប់តាំងពីផ្តើមស្នេហ៍ដំបូងដែលត្រូវអ្នកគាំទ្ររបស់លោកមិនពេញចិត្ត។ ទោះយ៉ាងណា ដ្បិតថាមានការមិនចេញចិត្តក្តីនិងធ្លាប់បែកគ្នាដោយសារហ្វេន តែពួកគេពុះពារឧបសគ្គជាមួយគ្នារហូតបង្កើតសុភមង្គលជាមួយគ្នាក្លាយជាសង្សាររស់នៅផ្ទះជាមួយគ្នាយ៉ាងមានសុភមង្គល។
យ៉ាងណាមិញ ដោយសារតែចុងក្រោយនេះអ្នកក្នុងចង្កោមសិល្បៈចាប់ផ្តើមបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់នោះក៏មានអ្នកថាឱ្យតារាចម្រៀងភិទិ បានសង្សារមានកូនមួយខុសពីផ្សេង។ ពាក្យសម្តីទាំងនេះបានធ្វើឱ្យ ម៉ានីន ជាគូស្នេហ៍បង្ហាញអារម្មណ៍អន់ចិត្តបង្ហោះសារនៅលើហ្វេកប៊ុកយប់ថ្ងៃទី១៧ កក្កដា ថា «សង្សារគេសុទ្ធតែក្រមុំ តែសង្សារភិទិមេម៉ាយហើយមានកូនមួយទៀត…។ អរគុណសំរាប់ការរើសអើងខ្ញុំ»។
មិនបង្អង់ពេលយូរ បន្ទាប់ពីឃើញសង្សារខ្លួនត្រូវរងនូវពាក្យសម្តីខាងលើ តារាចម្រៀង ភិទិ បានចេញមុខប្រតិកម្មខ្លាំងៗតែម្តង។ លោកបាននិយាយថា
«មេម៉ាយមិនមែនមនុស្ស ??? គាត់មានកូនមួយ គាត់មិនមែនមនុស្សឬ ? ឈ្មោះជាមេម៉ាយ ខុសត្រង់ណា ?? គាត់គ្មានសិទ្ធិស្រលាញ់អ្នកណាទេមែន ?? មួយជីវិតខ្ញុំនេះគិតថា សំណាងហើយដែលស្រីមេម៉ាយដ៏ពូកែម្នាក់នេះ ផ្តល់ឱកាសឱ្យខ្ញុំចូលក្នុងជីវិតគាត់ គាត់ផ្ដល់ក្ដីសុខឱ្យខ្ញុំបានច្រើនណាស់ ឱ្យខ្ញុំស្គាល់គ្រប់យ៉ាង ហើយលើកតម្កើននិងឱ្យតម្លៃខ្ញុំណាស់ សូមកុំមើលងាយស្រីមេម៉ាយ ហើយសូមឈប់ប៉ះពាល់ ដោយប្រើសំដីដែលមិនបានគិតរបស់អ្នក មកថាឱ្យគាត់ម្ដងទៀត»។
ការចេញប្រតិកម្មពីតារាចម្រៀងខាងលើធ្វើឱ្យ ម៉ានីន ដែលគូស្នេហ៍បានលើកឡើងទៀតថា «គ្រប់ពេលដែលជួបបញ្ហាអ្វី ខ្ញុំតែងតែទទួលបានកម្លាំងចិត្ត និងការការពារពីគាត់គ្រប់ពេល»។
គួរបញ្ជាក់ផងដែរថា គូស្នេហ៍ ភិទិ ជាស្រ្តីជំនួញអនឡាញជោគជ័យម្នាក់ដែលមានប្រ៊េនផ្ទាល់ខ្លួនជាច្រើនមុខនៅក្នុងដៃ ទោះបីជានាងមានកូន១មួយហើយក្តីមុនសាងស្នេហ៍ជាមួយភិទិ តែសម្រស់ ម៉ានីន មិនធម្មតាទេក្រមុំល្មមៗសុំខ្មាស៕










