ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយដែលមានការរិះគន់នៅក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីអ្នកប្រើប្រាស់កម្មវិធី Twitter ម្នាក់បានបង្ហោះពីបទពិសោធន៍ដែលនាងជួបប្រទះ ។ នាងរៀបរាប់ថា ព្រះសង្ឃមួយអង្គនេះចូលមកទិញថ្នាំហើយ មិនព្រមឱ្យប្រាក់នាងទេ ហើយថែមទាំងនិយាយថា ចាត់ទុកថា នេះជាការថ្វាយព្រះចុះ ណាញ៉ោម ។

ស្ត្រីរូបនេះនិយាយថា មានព្រះសង្ឃមួយអង្គបានមកទិញថ្នាំនៅគ្លីនិករបស់នាង ហើយនាងប្រើពាក្យថា «ទិញ» ព្រោះព្រះសង្ឃជ្រើសយកថ្នាំដោយខ្លួនឯង ហើយមិនឱ្យនាងសាកសួរពីអាការៈជំងឺអ្វីទេ ។ នៅពេលនាងយកថ្នាំច្រកថង់ និងគិតប្រាក់ ស្រាប់តែព្រះសង្ឃប្រាប់ថា ចាត់ទុកថា នេះជាការថ្វាយព្រះចុះណាញ៉ោម ហើយក៏យកថង់ថ្នាំដើរចេញក្រៅបាត់ ។

នាងបន្តថា ព្រះសង្ឃរូបនេះជាចោរ ព្រោះនាងមិនបានថ្វាយថ្នាំអ្វីទេ ហើយថ្នាំនេះមានតម្លៃជាង២០០បាត ។ នាងទទួលបានប្រាក់ចំណេញតិចតួច ហើយព្រះសង្ឃមកយកថ្នាំនេះទៅធ្វើព្រងើយ ហើយទង្វើនេះ គេហៅថា ចោរប្លន់ ។

ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចូលមកបញ្ចេញមតិជាច្រើននាក់ ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «ខ្ញុំធ្លាប់ចូលហាងលក់ទំនិញមួយកន្លែង ហើយឃើញបុគ្គលិកហាងម្នាក់ឈរនៅជ្រុងម្ខាងសម្លឹងមើលព្រះសង្ឃ ចំណែកខ្ញុំក៏ជ្រើសទិញរបស់របរបន្តទៀត និងមិនចាប់អារម្មណ៍ទេ ។ ស្រាប់តែនៅសុខៗ ព្រះសង្ឃរូបនេះដើរមកសួរខ្ញុំថា អាមួយនេះឱ្យព្រះសង្ឃបានទេ» ។

បុរសថៃម្នាក់ទៀតនិយាយថា ៖ «ខ្ញុំបានចូលហាងលក់ទំនិញ 7-Eleven មួយកន្លែង ហើយឃើញព្រះសង្ឃឈរតម្រង់ជួរ និងកាន់ស្បោងនំចំណី និងវត្ថុផ្សេងៗ ហើយប្រាប់ខ្ញុំថា ចេញប្រាក់ឱ្យអាត្មាផង ។ ពេលនោះ ខ្ញុំក៏ឆ្លើយបដិសេធថា ប្រពន្ធឱ្យប្រាក់មកតែបន្តិចទេបាទ ហើយខ្ញុំក៏ដើរគេចចេញ» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «ខ្ញុំក៏ធ្លាប់ជួបរឿងនេះដូចគ្នាដែរ ខ្ញុំបានលក់ទឹកសុទ្ធ និងទឹកផ្លែឈើ ហើយក៏មានព្រះសង្ឃមកយកភេសជ្ជៈពីទូរក្លាស្សេ ហើយឱ្យប្រាក់ត្រឹមតែ២០បាតប៉ុណ្ណោះ និងប្រាប់ថា ថ្វាយឱ្យព្រះសង្ឃទៅ» ៕ ប្រភព ៖ chiangmai news