ប្រទេសចិន ៖ សហព័ន្ធគ្រឿងម៉ាស៊ីនចិនលើកឡើងថា រយៈពេល៥ខែក្នុងឆ្នាំ២០២៣ ការផលិតរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ហើយសន្ទស្សន៍សំខាន់ផ្សេងៗក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។
តាមទិន្នន័យចុងក្រោយបង្ហាញឱ្យឃើញថា ចាប់តាំងពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៣ ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅប្រទេសចិន ទទួលបានប្រាក់ចំណូលកើនឡើងក្នុងអត្រា១០,៦% បើធៀបនឹងឆ្នាំ២០២២ និងទទួលបានប្រាក់ចំណេញសរុបចំនួន៦១៣.៦៦០លានយន់ បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើង១៨,២% ។
ចាប់តាំងពីដើមឆ្នាំ២០២៣ មក ការនាំចេញរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅចិន បានបង្ហាញឱ្យឃើញពីចំនួនបរិមាណកើនឡើង និងមានគុណភាពខ្ពស់ ។ លើសពីនេះ ការនាំចេញផលិតផលក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។
ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៣ តម្លៃការនាំចេញរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីនបានកើនឡើង១៨,១% បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះការនាំចេញទៅកាន់ប្រទេសស្ថិតក្នុងគម្រោង «ខ្សែក្រវាត់១ ផ្លូវ១» បានកើនឡើង២៧,៦% ។ ចំណែកបរិមាណការនាំចេញរបស់រថយន្ត, ត្រាក់ទ័រជីកដី, ត្រាក់ទ័រចូកដី និងគ្រឿងចក្រផ្សេងៗបានកើនឡើងជាង៣០% ។
នៅថ្ងៃអនាគត ប្រទេសចិននឹងបង្កើនភាពរឹងមាំក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រឿងម៉ាស៊ីនឆ្លាតវៃលំដាប់ខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន ។ លើសពីនេះ ប្រទេសចិននឹងអភិវឌ្ឍន៍ឧបករណ៍សំខាន់ និងរៀបចំបច្ចេកវិទ្យាសំខាន់ៗដើម្បីលើកកម្ពស់ការអភិវឌ្ឍគុណភាពជាបន្តបន្ទាប់ ។ គេរំពឹងថា នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅចិន នឹងកើនឡើងប្រមាណ៥% ៕ ប្រភព ៖ China Face










