Home ព័ត៌មានជាតិ ពាមក្រសោប កំណប់ទ្រព្យធម្មជាតិរបស់អ្នកខេត្តកោះកុង

ពាមក្រសោប កំណប់ទ្រព្យធម្មជាតិរបស់អ្នកខេត្តកោះកុង

125
0

សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ។រមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ដែលអ្នកស្រុកនិយមហៅថា( បឹងកាយ៉ាក )ពិតជាបានបង្កប់ នូវទេសភាពធម្មជាតិដ៏សម្បូរបែប ដែលនៅពីក្រោមព្រៃកោងកាង គឺមានទឹកខៀវស្រងាត់ មានស្ពានបេតុង១ខ្សែប្រវែង ប្រមាណ៦០០ម៉ែត្រ ពិសេសអាចផ្តិតយកទិដ្ឋភាពព្រៃកោងកាងបានយ៉ាងស្រស់ស្អាតទៀតផង

ពាមក្រសោបផ្ដោតសំខាន់ទៅលើព្រៃកោងកាង ហើយនិងជិះទូកតាមដងព្រែកចេញទៅសមុទ្រក្រៅបាន ហើយបើសិនជាខែ១២ចន្លោះទៅខែ០១នោះ គឺអាចមានផ្សោតគឺភ្ញៀវទេសចរអាចជិះទូកមើលផ្សោតសមុទ្របាន។ សម្រស់​ព្រៃកោងកាង​ពាម​ក្រសោប ធ្វើ​ឲ្យ​អ្នកទេសចរ​គយគន់​មិន​ចង់​ចាកចេញ

បន្ថែមពីនេះទៅទៀត នៅទីនោះក៏មានកូនកោះតូចមួយផុសឡើងកណ្តាលសមុទ្រ ដែលភ្ញៀវទេសចរអាចជួលទូកអ្នកនេសាទ ហើយបន្តដំណើរតាមទូកប្រមាណ១០នាទីទៀត នឹងទៅដល់កោះដែលមានឆ្នេរខ្សាច់និងព្រៃលិចទឹកនោះ។ ពេលទៅដល់លើកូនកោះនោះ ប្រជាសហគមន៍មានរៀបចំជាតូបតូចៗ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរឱ្យសម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសធម្មជាតិ និងមានបម្រើសេវាកម្មម្ហូបអាហារ ហើយចំណុចដ៏ពិសេសមួយទៀតនៅលើដែនកោះដ៏តូចនេះ គឺអាចគយគន់ថ្ងៃរៀបលិចបានថែមទៀត។

សូមបញ្ជាក់ថា ខេត្តកោះកុងត្រូវបានគេទទួលស្គាល់ថាជាខេត្តនៃតំបន់មាត់សមុទ្រមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសម្រស់ពីធម្មជាតិនៃរមណីយដ្ឋានជាច្រើន ដែលត្រូវបានគេ បែងចែកតំបន់ទេសចរណ៍ជា២ប្រភេទ គឺតំបន់ភ្នំនិងតំបន់ឆ្នេរ មានសរុបប្រមាណជាង២០កន្លែង

ប្រភព: មន្ទីទេសចរណ៍ខេត្តកោះកុង