ប្រទេសឥណ្ឌា ៖ នៅខែកក្កដា ឆ្នាំ២០២៣ ហាង McDonald’s និងហាងលក់ម្ហូបអាហារជាច្រើនកន្លែងនៅប្រទេសឥណ្ឌាបានកាត់បន្ថយមុខម្ហូបដាក់ផ្លែប៉េងប៉ោះបណ្តោះអាសន្ន បន្ទាប់ពីតម្លៃប៉េងប៉ោះកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ រយៈពេលចុងក្រោយនេះ តម្លៃប៉េងប៉ោះបានកើនឡើងរហូតដល់១៤០រូពីក្នុង១គីឡូក្រាម ខណៈការលក់ដុំបានកើនឡើងដល់២៨៨% បើធៀបនឹងខែមិថុនា ។
ជាធម្មតា ប៉េងប៉ោះនៅឥណ្ឌានឹងមានតម្លៃកើនឡើងក្នុងអំឡុងពេលវាផ្តល់ទិន្នផលតិច គឺនៅខែមិថុនា និងខែកក្កដា ប៉ុន្តែផលប៉ះពាល់នៅឆ្នាំនេះចាត់ទុកថា ខ្លាំងក្លាយ៉ាងខ្លាំង ដោយសារអាកាសធាតុមិនអំណោយផលដល់ការដាំដុះ ខណៈខ្យល់មូសុងនៅឆ្នាំនេះមកយឺតជាងធម្មតា ។ ដូច្នេះ វាបណ្តាលឱ្យមានភ្លៀងធ្លាក់នៅចម្ការប៉េងប៉ោះមួយចំនួន ។ លើសពីនេះ សីតុណ្ហភាពកើនឡើងខុសធម្មតាកាលពីខែមិថុនា បានធ្វើឱ្យឥណ្ឌាប្រឈមនឹងបាតុភូត El Nino ឬអាកាសធាតុហួតហែង ។
តម្លៃប៉េងប៉ោះកើនឡើង គឺជាបញ្ហាថ្នាក់ជាតិនៅឥណ្ឌា ដោយសារប៉េងប៉ោះ និងខ្ទឹមបារាំង គឺជាបន្លែសំខាន់ក្នុងម្ហូបឥណ្ឌា ។ ដូច្នេះ តម្លៃបន្លែទាំងនេះកើនឡើងបានធ្វើឱ្យតម្លៃម្ហូបនៅឥណ្ឌា ក៏កើនឡើងតាមដែរ ។ ពលរដ្ឋឥណ្ឌាចាប់ផ្តើមមិនពេញចិត្តជាមួយរដ្ឋាភិបាល និងគណបក្សនយោបាយផ្សេងៗដែលនៅស្ងាត់ស្ងៀមមិនព្រមដោះស្រាយបញ្ហានេះ ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា តម្លៃប៉េងប៉ោះបានកើនឡើងជាបន្តបន្ទាប់ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នផលកសិកម្មមិនសម្រេចតាមគោលដៅ ។ ដូចគ្នានេះ ភ្លៀងមូសុងក៏ធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងការលក់ដូរផងដែរ ។
ហាង McDonald’s នៅឥណ្ឌាបានបិទប្រកាសនៅមុខហាងថា៖ «ពួកយើងបានព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្តែយើងមិនអាចស្វែងរកប៉េងប៉ោះមានគុណភាពល្អគ្រប់គ្រាន់ទេ ។ ដូច្នេះ ហាងយើងសូមផ្អាកលក់ម្ហូបផ្សំពីប៉េងប៉ោះបណ្តោះអាសន្នសិន» ។ ហាងលក់ម្ហូបនៅឥណ្ឌាពី១០% ទៅ១៥% បានប្រកាសស្រដៀងគ្នានេះដែរ ដោយសារពួកគេមិនអាចរកទិញប៉េងប៉ោះបាន ។
បច្ចុប្បន្ន កសិករដាំប៉េងប៉ោះកំពុងប្រឈមនឹងបញ្ហាអាកាសធាតុអាក្រក់ ហើយតម្លៃប៉េងប៉ោះកើនឡើងបានធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាថ្មីមួយទៀត ។ លើសពីនេះ សារព័ត៌មានឥណ្ឌារាយការណ៍ថា ចោរបានលួចប៉េងប៉ោះរបស់កសិករនៅរដ្ឋ Karnataka ស្មើនឹងទឹកប្រាក់ប្រមាណ១៥ម៉ឺនរូពី ។
ទោះយ៉ាងណា តម្លៃប៉េងប៉ោះកើនឡើងមិនបានធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នាទេ ក្រុមហ៊ុនអាជីវកម្ម Tata នៅឥណ្ឌាបានឃោសនាតាមអនឡាញក្នុងកម្មវិធី BigBasket ដោយពួកគេណែនាំឱ្យពលរដ្ឋដែលកំពុងជួបបញ្ហាប៉េងប៉ោះឡើងថ្លៃ ងាកមកធ្វើម្ហូបដោយប្រើទឹកប៉េងប៉ោះខាប់ជំនួសវិញ ៕ ប្រភព ៖ beartai BRIEF










