ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែកក្កដា កន្លងមក ដំរីថៃឈ្មោះ «ផ្លាយស័ក្តសុរិន» មានអាយុ៣០ឆ្នាំ បានធ្វើដំណើរចេញពីអាកាសយានដ្ឋានដារ៉ាណៃហ្គេ ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា តាមជើងយន្តហោះពិសេសមួយប្រើពេលអស់៥ម៉ោង និងមកដល់ប្រទេសថៃដោយសុវត្ថិភាព ។ ប្រទេសថៃបានផ្តល់ដំរីនេះឱ្យស្រីលង្កាកាលពី២២ឆ្នាំមុន ប៉ុន្តែដោយសារវាមានរាងកាយទ្រុឌទ្រោមខ្លាំង ទើបថៃស្នើសុំដំរីមកវិញដើម្បីទទួលការព្យាបាល និងថែទាំឱ្យបានដិតដល់ ។
លោក Warawut Silpa-archa រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងគណៈគ្រប់គ្រងមកពីស្ថាប័នពាក់ព័ន្ធ និងក្រុមពេទ្យសត្វមកពីមន្ទីរពេទ្យដំរីឡាំប៉ាង បានចូលពិនិត្យមើលដំរី មុននឹងបញ្ជូនវាទៅកាន់វិទ្យាស្ថានជាតិ ដើម្បីដាក់នៅដាច់ដោយឡែករយៈពេល៣០ថ្ងៃ ។ រីឯការដឹកដំរីចេញពីអាកាសយានដ្ឋានឈៀងម៉ៃមកកាន់វិទ្យាស្ថានជាតិនៅស្រុកហាងឆាត មានចម្ងាយផ្លូវ៧០គីឡូម៉ែត្រ ។
មនុស្សម្នាជាច្រើនបានមករង់ចាំមើលការដឹកដំរីឆ្លងប្រទេស ហើយពួកគេនិយាយថា សប្បាយចិត្តណាស់ដែលឃើញដំរីនេះបានត្រឡប់មកកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព ហើយសុំឱ្យវាមានសុខភាពល្អ ។ អ្នកនាង វាសនា តាខ្លា ជាភ្ញៀវទេសចរមកកម្សាន្តនៅខេត្តឈៀងម៉ៃ ប្រាប់ថា នាងចង់ផ្តល់កម្លាំងចិត្តឱ្យដំរី១ក្បាលនេះ ហើយនាងសប្បាយចិត្តណាស់ដែលវាបានត្រឡប់មកដល់ប្រទេសកំណើតវិញដោយសុវត្ថិភាព ។ ជាធម្មតា គ្រួសារនាងបានមកលេងនៅមជ្ឈមណ្ឌលអភិរក្សដំរីថៃ ១ខែម្តង ហើយបើមជ្ឈមណ្ឌលនេះបើកឱ្យភ្ញៀវទេសចរចូលមើលដំរី នាងនឹងមកទីនេះដើម្បីផ្តល់ចំណីឱ្យវា ។
ប្រទេសថៃបានចំណាយពេលអស់៦ខែក្នុងការត្រៀមដឹកជញ្ជូនដំរីពីប្រទេសស្រីលង្ហា ក្នុងនោះថៃបានសហការជាមួយរដ្ឋាភិបាលស្រីលង្ហា តាមរយៈស្ថានទូតថៃ នាយកដ្ឋានឧទ្យានជាតិសត្វព្រៃ និងរុក្ខជាតិ ព្រមទាំងភ្នាក់ងារឧស្សាហកម្មព្រៃឈើ និងនាយកដ្ឋានបសុសត្វ ។ គេបានរៀបចំជើងយន្តហោះពិសេសដែលអាចដឹកដំរីមានទំហំធំ ដោយមានមន្ត្រីជំនាញផ្នែកដំរីចំនួន៤នាក់ ព្រមទាំងពេទ្យសត្វផងដែរបានធ្វើដំណើរតាមយន្តហោះពិសេសនេះ ។
កាលពី២២ឆ្នាំមុន ប្រទេសថៃបានប្រគល់ដំរី «ផ្លាយស័ក្តសុរិន» ឱ្យប្រទេសស្រីលង្កា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ។ ក្រោយមក វាត្រូវបានគេប្រើប្រាស់កម្លាំងឱ្យធ្វើការធ្ងន់ ហើយគេសង្កេតឃើញមានស្នាមដំបៅនៅលើខ្លួន និងគ្មានការយកចិត្តទុកដាក់ថែទាំទេ រហូតដល់រាងកាយទ្រុឌទ្រោម ។ ហេតុនេះ ភ្នាក់ងារពាក់ព័ន្ធជាច្រើនបានស្នើឱ្យបញ្ជូនវាមកកាន់ប្រទេសថៃវិញ ដើម្បីថែទាំឱ្យបានដិតដល់ ៕
ប្រភព ៖ Thai PBS










