ប្រទេសថៃ ៖ ប្រទេសថៃចាត់ទុកថា នេះគឺជាដំណឹងល្អមួយសម្រាប់កសិករទាំងអស់ដែលដាំដំណាំក្រូចថ្លុង ពីព្រោះក្រសួងកសិកម្មថៃបានសហការជាមួយក្រសួងកសិកម្មអាមេរិក ដើម្បីធ្វើការនាំចេញក្រូចថ្លុងរបស់ថៃទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាលើកដំបូង ។ ក្រៅពីនេះ ប្រទេសថៃក៏មានគម្រោងនាំចេញផ្លែស្វាយ និងមង្ឃុតផងដែរនៅឆ្នាំ២០២៣ ។
ប្រទេសថៃមានគម្រោងនាំចេញក្រូចថ្លុងចំនួន៤ពូជផ្សេងៗគ្នា ស្មើនឹង៨៦៤គីឡូក្រាមទៅកាន់អាមេរិក រួមមាន ក្រូចថ្លុងពូជថងឌី, ពូជខាវយ៉ៃ, ពូជខាវណាមផឹង និងពូជខាវតែងក្វា ។ មន្ត្រីមកពីក្រសួងកសិកម្មលើកឡើងថា យើងចាត់ទុកថា ការនាំចេញលើកនេះជាឱកាសល្អមួយសម្រាប់កសិករដាំដំណាំក្រូចថ្លុង រួមទាំងបណ្តាក្រុមហ៊ុននាំចេញផ្លែឈើថៃផងដែរ ដោយសារយើងអាចបន្ថែមទីផ្សារនាំចេញទៅក្រៅប្រទេស ។ ដូច្នេះ ប្រទេសថៃចាត់ទុកថា សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏មានសក្តានុពលខ្លាំងបំផុតរបស់ថៃ ។
ប្រទេសថៃបានយកផ្លែឈើចំនួន៨ប្រភេទមកត្រួតពិនិត្យគុណភាពដោយប្រើប្រាស់កាំរស្មី មុននឹងនាំចេញទៅក្រៅប្រទេស រួមមាន ផ្លែស្រកានាគ ស្វាយ គូលេន មៀន ម្នាស់ មង្ឃុត សាវម៉ាវ និងក្រូចថ្លុង ។
នៅដំណាក់កាលបន្ទាប់ នាយកដ្ឋានកសិកម្មថៃនឹងត្រៀមចរចាជាមួយអាមេរិក ដើម្បីកាត់បន្ថយកម្រិតការត្រួតពិនិត្យគុណភាពដោយប្រើប្រាស់កាំរស្មីសម្រាប់កម្ចាត់សត្វល្អិតនៅក្នុងផ្លែឈើទាំង៨ប្រភេទ មុននឹងធ្វើការនាំចេញ ។ ហេតុនេះ អតិថិជននៅក្រៅប្រទេសនឹងបានបរិភោគផ្លែឈើស្រស់ៗ គឺដូចគ្នានឹងពួកគេបានមកបរិភោគផ្លែឈើស្រស់នៅប្រទេសថៃដែរ ៕ ប្រភព ៖ Bangkok future










