រដ្ឋធានីមូស្គូ៖ ការងើបបះបោរ ដឹកនាំដោយមេទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃទី២៤ ខែមិថុនា កំពុងតែបង្កឲ្យកើតមានរលកព័ត៌មានព្រោងព្រាត ជុំវិញការបាត់ខ្លួនរបស់មេទ័ពកំពូលរបស់រុស្សី ចំនួន២នាក់ មិនឃើញបង្ហាញវត្ដមាន នៅក្នុងក្រសែភ្នែករបស់សាធារណជន ប៉ុន្ដែក៏គ្មានអ្នកណាដឹងច្បាស់ អំពីជោគវាសនារបស់ពូកគេនោះដែរ ស្របពេលលោកប្រធានាធិបតី ពូទីន កំពុងតែស្វែងរកការវាយតម្លៃឡើងវិញ ជាមួយនឹងពាក្យចរចាអារ៉ាម អំពីការចាប់ខ្លួនពួកគេ។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ថា លោកឧត្ដមសេនីយ៍ជាន់ខ្ពស់បំផុត ចំនួន២នាក់ នៃកងទ័ពរុស្ស៊ី មិនបានបង្ហាញខ្លួនជាសាធារណៈ ក្រោយពេលកម្លាំងទាហានស៊ីឈ្នួល Wagner បានងើបបះបោរមិនសម្រេច នៅក្នុងគោលបំណង ទម្លាក់ក្រុមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ចេញពីតំណែង ស្របពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងឡើងវិញ អំពីសិទ្ធិអំណាចរបស់គាត់។ ប៉ុន្ដែសេចក្ដីរាយការណ៍មិនបញ្ជាក់ច្បាស់លាស់នោះ បានរាយការណ៍ ថា មានឧត្ដមសេនីយ៍កំពូលយ៉ាងតិចម្នាក់ ត្រូវបានឃាត់ខ្លួន នាំទៅសាកសួរ។
លោកឧត្ដមសេនីយ៍ វ៉ាឡារី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការចម្រុះកងទ័ពរុស្ស៊ី មិនបានបង្ហាញខ្លួន ជាសាធារណៈ និង នៅតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ ចាប់តាំងពីការបះបោរ បានទទួលបរាជ័យ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ស្របពេលលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានប៉ុនប៉ងទម្លាក់គាត់ពីតំណែងមេទ័ពកំពូលរបស់រុស្ស៊ី។
ក្រុមអ្នកវិភាគយោធារបស់លោកខាងលិច បានអះអាង ថា លោកនាយឧត្ដមសេនីយ៍ ជេរ៉ាស៊ីម៉ូវ វ័យ៦៧ឆ្នាំ ជាមេបញ្ជាការដឹកនាំសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។ បន្ថែមពីលើនេះ គាត់ក៏ជាអ្នកគ្រប់គ្រងកាតាបនុយក្លេអ៊ែរមួយ នៅក្នុងចំណោម៣ផងដែរ។
វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បានបដិសេធនូវរបាយការណ៍ទាំងនេះ ដោយអះអាង ថា នឹងមានការរំពឹងទុក និង ការនិយាយដើមជាច្រើន។ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ថែមទាំងបានបដិសេធ ឆ្លើយនឹងសំណួរ អំពីការចាប់ខ្លួនលោកឧត្ដមសេនីយ៍ ស៊ើរហ្គេ ស៊ូរ៉ូវីគីន (Sergey Surovikin) នាយរងអគ្គសេនាធិការកងទ័ពរុស្ស៊ី។ ប៉ុន្ដែអ្នកនាំពាក្យ បានបង្វែរអ្នកកាសែត គួរតែទៅសាកសួរ ដល់ក្រសួងការពារជាតិ ខណៈក្រសួងនៅមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ ជុំវិញរូបលោកឧត្ដមសេនីយ៍ នៅឡើយ។
នៅពេលសួរថា តើលោក ពូទីន នៅតែជឿជាក់ មកលើលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូ (Dmitry Peskov) មិនបានផ្តល់ចម្លើយនោះឡើយ។ ប៉ុន្ដែគាត់ គ្រាន់តែអះអាង ថា លោក ពូទីន បានធ្វើការជាមួយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជានាយអគ្គសេនាធិការ ច្រើនជាងមនុស្សមួយចំនួន មានឋានៈត្រឹមនឹងលោក ស៊ូរ៉ូវីគីន ។
ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ថា លោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន បានគាំទ្រដល់លោក ព្រីហ្គោហ្ស៊ីន។ ប៉ុន្តែក្រុមចារកម្មលោកខាងលិច មិនបានដឹងច្បាស់ ថាតើលោកឧត្ដមសេនីយ៍ បានជួយដល់សកម្មភាពបះបោរ តាមមធ្យោបាយណាមួយនោះឡើយ។
បើតាមការបកប្រែពីកាសែត Moscow Times ជាភាសារុស្ស៊ី និង អ្នកសរសេរប្លុកយោធាម្នាក់ បានរាយការណ៍ អំពីការចាប់ខ្លួនលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន ខណៈក្រុមអ្នកឆ្លើយឆ្លងព័ត៌មានយោធាមួយចំនួនផ្សេងទៀត ដែលកំពុងតែតាមដានស្ថានការណ៍ នៅក្នុងប្រទេសរុស្ស៊ី បានអះអាង ថា លោកឧត្ដមសេនីយ៍ និង មន្រ្តីជាន់ខ្ពស់ផ្សេងៗទៀត កំពុងតែស្ថិតក្រោមការសួរ ដោយសេវាសន្តិសុខសហព័ន្ធន៍របស់រុស្ស៊ី (FSB) ដើម្បីផ្ទៀងផ្ទាត់ អំពីភាពស្មោះត្រង់របស់ពួកគេ។
បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters នៅតែមិនទាន់អាចបញ្ជាក់បាន ថា តើលោកឧត្ដមសេនីយ៍ ស៊ូរ៉ូវីគីន ត្រូវបានចាប់ខ្លួន ឬ ក៏កំពុងតែក្រោមការត្រួតពិនិត្យ រួមជាមួយនឹងក្រុមមន្រ្ដីរុស្ស៊ីផ្សេងៗទៀត ដើម្បីបង្ហាញពីភាពជឿជាក់របស់ពួកគេ៕










