ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែមិថុនា មានស្ត្រីម្នាក់ជាប់ជើងក្នុងជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ខណៈរូបនាងបម្រុងធ្វើដំណើរទៅខេត្តនគរស្រ៊ីថាម៉ារ៉ាជ ហើយបណ្តាលឱ្យនាងដាច់ជើងខាងឆ្វេងភ្លាមៗ ។ ក្រោយមក ភ្នាក់ងារនៅអាកាសយានដ្ឋាននេះ ក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ។ នាយកគ្រប់គ្រងអាកាសយានដ្ឋានដនមឿងបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ហើយសន្យាទទួលខុសត្រូវការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzT5GUxlgS5SPW4sGFfB8P60RBn2zG8FIukYsIRtbgvl2y5JRV-Rf8-o5vLGFd85ZZ8IIR6StNbMimp0oEBIkMqYExVju64C2UUkwzb4hQPtwtJ7i23HJWGsOVyyRtpw9qELXM7I9BJPW9m8irthr8YQxWHKX-zWZ5JS70_Gv1fWnCcqDwLB-Pqy_zGz4/s1280/photo_2023-06-30_09-50-18.jpg

នាយកគ្រប់គ្រងព្រលានយន្តហោះដនមឿងលើកឡើងថា ក្រុមហ៊ុនថែទាំជណ្តើរយន្តបានត្រួតពិនិត្យជណ្តើរយន្តនេះរៀងរាល់៣ខែម្តងនៅអាកាសយានដ្ឋានដនមឿង ហើយជណ្តើរយន្តបង្កគ្រោះថ្នាក់នេះបានប្រើប្រាស់អស់រយៈពេល២៧ឆ្នាំហើយ ។ កន្លងមក ខាងអាកាសយានដ្ឋានដនមឿង ក៏ធ្លាប់បានសាកសួរទៅកាន់ក្រុមហ៊ុនថែទាំជណ្តើរយន្តដែរ ហើយពួកគេប្រាប់ថា ជណ្តើរយន្តនេះអាចប្រើប្រាស់បន្តទៀតបាន បើមានការថែទាំ និងផ្លាស់ប្តូរឧបករណ៍តាមការកំណត់ ។ ទោះយ៉ាងណា អាកាសយានដ្ឋានដនមឿងមានគម្រោងផ្លាស់ប្តូរជណ្តើរយន្តថ្មីនៅឆ្នាំ២០២៥ ។

បើតាមវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា វ៉ាលីសរបស់ស្ត្រីរងគ្រោះបានប៉ះទង្គិចជាមួយជើងឆ្វេងក្នុងអំឡុងពេលនាងនៅលើជណ្តើរយន្ត ក្រោយមក នាងក៏បានដួល ហើយត្រូវបានជណ្តើរយន្តស្រូបជើងរបស់នាងចូលទៅខាងក្នុង និងបណ្តាលឱ្យដាច់ជើងឆ្វេងតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB-Sp-Y5LqmBiIGTzYZV_k9aOE3ftqL8PuMe5z4egtj-3oLcMwKNH_Y2swyML8JLmfTTv9t1z2OXJ0yWVev6OwJERsE9FckmJxhmEGDPnPhXjTLaowiCCgZxO1oXhqHAr5ugRJG6otoLgTgih7bw7zbLlo1orkPtSfsJ-XafMEOaeBZhLkbSi-inZe7x4/s1280/photo_2023-06-30_09-50-26.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក ក៏មានគ្រោះថ្នាក់ដោយសារជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងដូចគ្នាដែរ ខណៈអ្នកប្រើ TikTok ម្នាក់ឈ្មោះ zjbambam បានបង្ហោះហេតុការណ៍កូនប្រុសរបស់ខ្លួនកៀបជើងក្នុងជណ្តើរយន្ត ប៉ុន្តែត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា និងគ្មានគ្រោះថ្នាក់ដល់ជីវិត ។

អ្នកប្រើ TikTok នេះសរសេរថា ៖ «សូមផ្តាំផ្ញើទៅកាន់អ្នកម្តាយទាំងអស់ ឬក្រុមគ្រួសារណាដែលមានកូន គឺគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ។ កូនប្រុសខ្ញុំបានជាប់ជើងក្នុងជណ្តើរយន្ត ខណៈគេកំពុងចុះជណ្តើរយន្ត និងកាន់ដៃម្តាយ ។ កូនខ្ញុំអាចឈរនៅជិតជណ្តើរយន្តពេក ទើបបណ្តាលឱ្យជណ្តើរយន្តស្រូបចូលទៅ ហើយកូនខ្ញុំបានរងរបួស ប៉ុន្តែមិនគ្រោះថ្នាក់ដល់ឆ្អឹងទេ គ្រាន់តែមានរបួសជើង និងដេរអស់១១ថ្នេរ ។ ពេលនោះ ចំណាយពេលអស់៣០នាទី ទម្រាំអាចទាញជើងចេញមកក្រៅបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4r2jNNweEFvBT2abOSunWbekaJllFqlFmUj_Nlkp1IM1RwkVeIEXab-cxFRRD7L0D1QhjNzH8ctL6naZCVPxepXJR5IndE-gK_4GKRkP_oKDaylnoOJoNElUZoURQXldcZHU9nJFMzxZWOl134N3x8_lFWFOoEzPvKHmFxuKpvPPQQRoXt2Z_-sGYzkA/s1280/photo_2023-06-30_09-50-31.jpg

យើងមិនចង់ឱ្យគ្រោះថ្នាក់នេះកើតឡើងចំពោះអ្នកណាម្នាក់ទេ ដូច្នេះ ឪពុកម្តាយគ្រប់រូបត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពកូនៗនៅពេលប្រើប្រាស់ជណ្តើរយន្ត និងបន្ទប់យន្ត ។ នៅពេលឡើងលើជណ្តើរយន្ត ឪពុកម្តាយគួរតែពរកូនរបស់ខ្លួន និងឱ្យពួកគេពាក់ស្បែកជើងឃ្លុប ឬស្បែកជើងកីឡា ពីព្រោះវានឹងអាចកាត់បន្ថយគ្រោះថ្នាក់បានខ្លះ ប៉ុន្តែបើឱ្យពួកគេពាក់ស្បែកជើងផ្ទាត់នោះ បើមានហេតុការណ៍ជាប់ជើងក្នុងជណ្តើរយន្ត វានឹងធ្វើឱ្យប្រអប់ជើងក្មេងខូចខ្ទេចមិនខាន ។ ដូចគ្នានេះដែរ ការប្រើប្រាស់បន្ទប់យន្ត ក៏បង្កគ្រោះថ្នាក់ផងដែរនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9-LgjpumFRt7jEnsnen7ud-NX1OLdFaFqkIvMOc5x7wgdApGUV1Jml8r5pGt94820sNSILyqvHHNZI1MyOTQSSf72mk3HjTgvD25gYQvH6uY9WXlWKF52fWAPZdOzYheXxd0sez6g8qpagmKBWfyPxdAeVOuUzrtUaQfuGBrYnAyVTLglvFjSH8Fy_-M/s1200/photo_2023-06-30_09-50-34.jpg

* វិធីប្រើប្រាស់ជណ្តើរយន្តប្រកបដោយសុវត្ថិភាព ៖
-មិនគួរលេងសើចជាមួយគ្នាទេ ខណៈពេលនៅលើជណ្តើរយន្ត
-មិនគួរប្រើប្រាស់ទូរស័ព្ទដៃទេ
-សង្កេតមើលការបម្លាស់ទីរបស់ជណ្តើរយន្ត មុននឹងដាក់ជើងជាន់លើវា
-មិនត្រូវដាក់ជើងនៅលើខ្សែបន្ទាត់ពណ៌លឿងទេ ព្រោះខ្សែពណ៌លឿង គឺសម្រាប់បែងចែកជណ្តើរឱ្យដាច់ពីគ្នា ។ ការដាក់ជើងជាន់នៅលើខ្សែពណ៌លឿងនឹងធ្វើឱ្យយើងដួល
-ចងខ្សែស្បែកជើងឱ្យជាប់ណែន ដើម្បីការពារមិនឱ្យវាជាប់ក្នុងជណ្តើរយន្ត
-បើស្បែកជើងរបស់យើងជាប់ក្នុងជណ្តើរយន្ត ត្រូវប្រញាប់ដោះវាចេញពីជើងឱ្យបានលឿន
-បើមានរទេះ យើងគួរប្រើប្រាស់បន្ទប់យន្តជំនួសវិញ ឬជណ្តើរយន្តសម្រាប់រទេះ ព្រោះកង់រទេះអាចរអិលបណ្តាលឱ្យកើតគ្រោះថ្នាក់
-ប្រុងប្រយ័ត្ននៅពេលជាន់លើជណ្តើរយន្ត ដើម្បីការពារការដួល ឬប៉ះគ្នាជាមួយអ្នកដំណើរផ្សេងទៀត
-មិនត្រូវដាក់សម្ភារៈផ្សេងៗនៅលើជណ្តើរយន្តទេ ព្រោះសម្ភារនោះអាចចូលក្នុងរន្ធជណ្តើរ
-គួរប្រើដៃតែម្ខាងសម្រាប់កាន់សម្ភារៈ ចំណែកដៃម្ខាងទៀតទុកចាប់បង្កាន់ដៃជណ្តើរ
-នៅពេលឡើងជិតដល់គោលដៅ យើងត្រូវប្រញាប់លើកជើងឆ្លងឱ្យផុតជណ្តើរខាងចុង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTuvwbMR535xWxTNrkTZhxww4DzFgpdGDhmH8eNTLnsN0XkXqT0qSStjrYmS2nUo00ApLH_kE9rtfXOhAvwwsr_RlV0czC2lS4XysMpz4yvzfMdcDXsZ1RVj1hENEDkkmnSLWerd00n2dlhXhTcuUwV2jCUYK-6pq_tsZeN2N0sKEJ3hbzMQ4spZnT2IM/s937/photo_2023-06-30_09-50-39.jpg

ប្រភព ៖ khaosod