រង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល “ដំរីប្រាំរយប្រាំ ៥០៥” ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត ដើម្បីបន្ថែមសម្រស់ឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត។
រដ្ឋបាលខេត្តបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការផ្តួចផ្តើមគំនិតជួសជុលរង្វង់មូលដំរី៥ ដើម្បីបន្ថែមដំរី ចំនួន៥០០ ឲ្យគ្រប់ចំនួន៥០៥ កាន់តែមានសោភ័ណ្ឌភាពបន្ថែមទៀតនោះគឺ៖
ទី១-ដោយយល់ឃើញថា សត្វដំរីគឺជាសត្វ ដែលកម្រមានមាឌធំ ស្លូតបូត សាមគ្គីភាពគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខុដុមរមនា។
ទី២-ដោយសារភូមិសាស្ត្រស្រុកវាលវែង ដែលមានផ្លូវជាតិ៥៥ កាត់ប្រសពគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូល ៥០៥ ឆ្ពោះទៅកាន់ឃុំទាំង៥ នៃស្រុកវាលវែង។
ទី៣-ស្រុកវាលវែង មានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា “ផ្លូវបុប្ផាលាក់ខ្លួន” មានកេរ្តិ៍ឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ដែលមានទេសភាពធម្មជាតិ ស្រស់ស្អាតគ្មានពីរ ប្រៀបដូចជានៅលើឋានសួគ៌។
ទី៤-ស្រុកវាលវែង មានចំនួន៥ឃុំ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាឃុំ ចំនួន៥នាក់
ទី៥-ស្រុកវាលវែង មានអភិបាលនៃគណៈអភិបាលស្រុក ដឹកនាំចំនួន៥ជំនាន់ ហើយបច្ចុប្បន្ននេះ ជាអភិបាលនៃគណៈអភិបាលស្រុក ជំនាន់ទី៥ផងដែរ។
សូមជម្រាបថា រង្វង់មូលដំរី ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ផ្ដើមសាងសង់កែលម្អ ពីខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះដែរ សរុបថវិកាចំណាយក្នុងការជួសជុលកែលម្អររង្វង់មូលដំរី៥០៥ និងកម្មវិធីសម្ភោធ អស់ថវិកា ចំនួន៣៩៩,០០០,០០០រៀល។ បន្ថែមពីនោះ ថវិកាដែលបានមកពីការចូលរួមរបស់សប្បុរសជន មានចំនួន២៨៤,១១៨,០០០រៀល នៅខ្វះថវិកាចំនួន១១៤,៨៨២,០០០រៀល៕











