លោកជំទាវ ហ៊ុន ស៊ីណាត បានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកចម្រៀង និងសម្តែង ខេនឌី និងក្រុម ដែលបាន Live និងថតវីដេអូបែបអា.សអាភា..សមិនកោតខ្លាចការព្រមានរបស់ក្រសួងដែលបានចេញសេចក្តីណែនាំនាពេលកន្លងមក។ លោកជំទាវថា ក្រុមនេះបែបចង់ទៅដេកស៊ីបាយស្រាប់ហើយមើលទៅ។
លោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៦ ខែមិថុនា នេះថា «រឿងអញ្ចឹងៗខ្ញុំបានឃើញសេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការទប់ស្កាត់ការដែលផលិតរឿងធ្វើឱ្យប៉ះពាល់ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រី និងកុមារ ហើយក្មួយពួកនេះបែបវាចង់ទៅដេកស៊ីបាយស្រាប់ហើយមើលទៅពពួកអាបំពុលសង្គមអស់នេះ»។
នេះមិនមែនជាលើកទី១នោះទេដែលក្រុមផលិតវីដេអូមួយចំនួនប្រើស្នៀតថតវីដេអូទម្រង់អាសអាភាសដើម្បីចង់បានភាពល្បី ពេលមហាជនរិះគន់រួចអាងប្រើពាក្យសូមទោសគ្មានសតិសម្បជញ្ញៈបង្កតែរឿងមិនល្អដល់សង្គម។
ក្រោយពីមហាជនមានមតិរិះគន់ទៅលើក្រុម Life Film គេសង្កេតឃើញថាក្រសួងក៏បានកោះហៅក្រុមនេះយកទៅអប់រំផងដែរនៅខណៈមានមតិលើកឡើងថាក្រៅពីហៅទៅអប់រំរួចសូមទោស តើមានវិធានការផ្សេងឬអត់ព្រោះវិធានការត្រឹមនេះនៅតែមានជនយកស្នៀតនេះមកប្រើដដែលៗ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែមិថុនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំ និងព្រមានដល់អ្នកផលិតមាតិកាកម្សាន្តគ្រប់ទម្រង់ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។ បើនៅបន្តផលិតមាតិកាកម្សាន្តដែលមានចរិតលក្ខណៈ អាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន៕










