ប្រទេសចិន ៖ សារព័ត៌មាន China Daily រាយការណ៍ថា រថភ្លើងដឹកជញ្ជូនទំនិញខ្សែទី១ ចេញពីទីក្រុងឆុងឈីងស្ថិតនៅទិសនីរតីប្រទេសចិន បានធ្វើដំណើរមកដល់ទីក្រុងប៉ាតាងបេសា ប្រទេសម៉ាឡេស៊ី ក្រោយពីចំណាយពេលវេលាសរុប១៣ថ្ងៃ និងបានដឹកជញ្ជូនទំនិញឧស្សាហកម្មពេញទូររថភ្លើង ។ ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងថ្មីនេះអាចជួយកាត់បន្ថយការចាយវាយ និងពេលវេលាធ្វើដំណើរពីប្រទេសចិនមកកាន់តំបន់អាស៊ាន ។
មុនពេលដំណើរការផ្លូវរថភ្លើងថ្មី ការដឹកជញ្ជូនទំនិញត្រូវចំណាយពេលរហូតដល់២៥ថ្ងៃ ដោយសារការនាំចេញទំនិញពីតំបន់ផ្សេងៗនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងសៀងហៃជាមុនសិន ដោយឆ្លងកាត់ទន្លេយ៉ង់សេនៅចិន មុននឹងបញ្ជូនទៅកាន់ទីក្រុងប៉េណាងនៅម៉ាឡេស៊ី តាមរយៈផ្លូវសមុទ្រ ។ ច្រករបៀងពាណិជ្ជកម្មរវាងប្រទេសនានាតាមរយៈផ្លូវគោក និងផ្លូវសមុទ្រ គឺជាគំនិតផ្តួចផ្តើមរបស់ចិនក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសសំខាន់ៗ និងប្រទេសដៃគូពាណិជ្ជកម្មប្រមាណ៩០ប្រទេស ។ ការដឹកជញ្ជូនទំនិញនេះនឹងជួយកាត់បន្ថយពេលវេលាពាក់កណ្តាល ក្នុងការដឹកជញ្ជូនទំនិញពីតំបន់ផ្សេងៗរបស់ចិនទៅកាន់ម៉ាឡេស៊ី ។
លោក Gao Chenglin នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Yuxin’ou (Chongqing) Logistics លើកឡើងថា ការដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ មិនត្រឹមតែជួយបន្ថែមគុណតម្លៃក្នុងការដឹកជញ្ជូនទំនិញរវាងទីក្រុងឆុងឈីង និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយកាត់បន្ថយពេលវេលា និងដើមទុនការដឹកជញ្ជូនផងដែរ ។ រថភ្លើងនេះនឹងចេញដំណើរពីស្ថានីយរថភ្លើង Tuanjiecun ក្នុងទីក្រុងឆុងឈីង ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយប្រើប្រាស់ខ្សែរថភ្លើងចិន-ឡាវ ។ បន្ទាប់មក គេនឹងប្រើប្រាស់រថភ្លើងនៅប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុងប៉ាតាងបេសា ស្ថិតនៅភាគខាងជើងនៃជាយដែនប្រទេសថៃ និងម៉ាឡេស៊ី ។
ក្រៅពីនេះ រថភ្លើងដឹកជញ្ជូនទំនិញរវាងប្រទេសចិន-វៀតណាម, ចិន-ឡាវ-ថៃ និងចិន-មីយ៉ាន់ម៉ា បានក្លាយជាផ្លូវមួយងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកាន់ទីផ្សារតំបន់អាស៊ាន និងអឺរ៉ុបផងដែរ ៕ ប្រភព ៖ AEC connect










