ឯកឧត្តម ថោន ខុន រដ្ឋមន្រ្តីក្រសួងទេសចរណតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំចំនួនពីរចំណុចធំៗដើម្បីពង្រឹងភាពរឹងមាំនៃទេសចរណ៍ក្នុងស្រុក និងពង្រីកទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ការណែនាំនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។ សន្និបាទនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានដូចជា៖
– ទី១.ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដោយពង្រីកសមត្ថភាពផ្សព្វផ្សាយទេសចរណ៍តាមបែបប្រពៃណី និងឌីជីថល អមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន និងអន្តរជាតិដែលជាយុទ្ធនាការ «ការទូតទេសចរណ៍» ដើម្បីស្វែងរកទីផ្សារទេសចរណ៍ ដោយចំពោះមុខនេះទីផ្សារអាទិភាពសម្រាប់កម្ពុជាគឺទេសចរអន្តរជាតិពីប្រទេសជិតខាងនៅក្នុងតំបន់ ដូចជា ថៃ វៀតណាម, ទីផ្សារចាស់ ដូចជា ចិន ជប៉ុន កូរ៉េ អឺរ៉ុប អាមេរិក អូស្ត្រាលី និងទីផ្សារងើបឡើងថ្មី ឥណ្ឌា អារ៉ាប់ មជ្ឈិមបូព៌ា។ ទន្ទឹមនេះ លោកស្នើឱ្យក្រសួងទេសចរណ៍សហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំអនុព័ន្ធទេសចរណ៍នៅតាមទីផ្សារសំខាន់ៗ ជាអាទិ៍៖ ជប៉ុន និងកូរ៉េ ដូចមានចង្អុលបង្ហាញក្នុងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ រួចហើយ។
– ទី២.បន្តខិតខំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀតនៅឆ្នាំ២០២៤ ក៏ដូចជាបណ្តាឆ្នាំខាងមុខ។ ក្នុងនាមរាជរដ្ឋាភិបាល លោកស្នើឱ្យក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបន្តយកភាពជោគជ័យរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាទុនបន្ថែមដើម្បីបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ត្រង់ចំណុចនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពរួសរាយរាក់ទាក់នៃប្រជាជនកម្ពុជា ដែលបង្ហាញពីសក្តានុពលនៃភាពជាខ្មែរ (Cambodianess) ស្របតាមបាវចនា «កម្ពុជា៖ ប្រទេសតូច បេះដូងធំទូលាយ» ដែលពិភពលោកបានស្គាល់ពីភាពជាខ្មែរជាផលិតផលផលទេសចរណ៍ទាក់ទាញមួយដ៏ធំសម្រាប់កម្ពុជា ក្រៅពីផលិតផលទេសចរណ៍បេតិកភណ្ឌវប្បធម៌ ធម្មជាតិ និងសមុទ្រ។ ដូចគ្នានោះដែរ ត្រូវបន្តពង្រឹងចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែផុលផុស តាមរយៈការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ឱ្យស្អាត និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងស្រុកឱ្យកាន់តែសម្បូរបែបថែមទៀត បន្តពីព្រឹត្តិការណ៍ដែលមានកំណត់ក្នុងឆ្នាំទស្សនាកម្ពុជា ២០២៣ ពង្រីកទៅដល់ឆ្នាំ២០២៤ និងបណ្តាឆ្នាំខាងមុខទៀត៕.png)










