ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា កន្លងមក លោក វឌ្ឍនាសាក់ ស៊ុយអៀម (Wattanasak Sueaiam) មន្ត្រីមកពីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃ លើកឡើងថា លោកបានចុះទៅស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី ដើម្បីតាមដាន និងត្រួតពិនិត្យការលួចនាំចូលខ្ទឹមសខុសច្បាប់ពីក្រៅប្រទេស ដើម្បីយកមកលក់នៅតាមផ្សារក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ។ តាមការពិនិត្យឃើញថា មានការលួចនាំចូលខ្ទឹមសពីក្រៅប្រទេសដោយគ្មានការអនុញ្ញាត មកពីកំពង់ផែឡែមឆាបាង ខេត្តឈុនបុរី ចំនួន២ម៉ឺន៧ពាន់គីឡូក្រាម (ស្មើ២៧តោន) ស្មើនឹងទឹកប្រាក់២លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4oHJKJHAz3q8A3s7QqTycR2B78i98gtXyp_tS5q1l6Gya74F4tIP05TLtI3YhoTpq5BC5K1hDvRhZEl-whVJSIuACWpd2QgZWZzoJwVzBnoXOL-BJEiQO6ddi8DfFvTqJY_e5xY-jY23ZfSpUvS1oOWgv8bWgw-VO8wNGaNPh8PraCb6y7DtsQ37hWmI/s1280/photo_2023-06-23_07-47-38.jpg

លោក វឌ្ឍនាសាក់ មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មបន្តថា តាមការពិនិត្យលើរថយន្តដឹកទំនិញឃើញថា រថយន្តនេះគ្មានលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនទេ ។ ដូច្នេះ គេបានចាប់ខ្លួនអ្នកបើកបររថយន្តដឹកទំនិញ ព្រមទាំងខ្ទឹមសបញ្ជូនទៅកាន់ស្ថានីយប៉ូលិសភូថនខ្លងហ្លួង ខេត្តប៉ាធុមថានី ដើម្បីអនុវត្តតាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅនាយកដ្ឋានគយឱ្យពិនិត្យមើលករណីការដឹកជញ្ជូនទំនិញខុសច្បាប់នេះថា តើមានការបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់ដែរឬទេ ? ការនាំចូលខ្ទឹមសពីក្រៅប្រទេស គឺត្រូវជាប់ពន្ធនាគារមិនលើសពី៥ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី១សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpi8wbvC4G19BSDCuBq3m4tMP0q7vbChqIeGCH5VJQoiPgi68uMAlo1jjTgm06Viw5BprKgfFHLRNuoJVphjHngm9SJrnKrggUGj7IHMvArzYJSfYUBdKCmheQR6-6J71hV6RS2BwAtojlsQ7dwLW-062Elc0LHIfBFPVlwHCU1OYIV-4OB5AbH55fKrs/s1001/photo_2023-06-23_07-47-44.jpg

លោក វឌ្ឍនាសាក់ បន្តថា ការពិនិត្យមើលការនាំចូលខ្ទឹមសនេះ គឺជាវិធានការដោះស្រាយបញ្ហាតម្លៃខ្ទឹមសធ្លាក់ចុះរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ។ ពួកយើងទប់ស្កាត់ការនាំផលិតផលកសិកម្មពីប្រទេសជិតខាងចូលមកប្រទេសថៃដោយគ្មានការអនុញ្ញាត ដើម្បីរក្សាស្ថេរភាពតម្លៃ និងផ្តល់យុត្តិធម៌ដល់កសិករ ។ លើសពីនេះ អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ក៏មានវិធានការជួយរក្សាតម្លៃខ្ទឹមសផងដែរ ហើយនៅឆ្នាំ២០២៣ យើងបានជួយទទួលទិញខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង ពីកសិកររួចហើយចំនួន១ម៉ឺនតោនដើម្បីឱ្យតម្លៃខ្ទឹមសកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-T8yYgBQuk9araQt1MED4yvvl54QboPFxTyZ_LvFWKtMLgjhvefxqJJBZVeNPvOj1O_f0mh6gDD82GSpleKS26n0J0kTVhnyGua2UZ5D-_8uEcDh6XyvKOwc8W_Q_zcHKKIKcWs0KFoVIW2_LQGtu8_Xp07FaT8_Gcwv0lQuUJh44KBPpVtvS05YD9I/s953/photo_2023-06-23_07-47-50.jpg

លោក វឌ្ឍនាសាក់ លើកឡើងថា ៖ «ខ្ញុំសូមផ្តាំថា កុំលួចនាំចូលខ្ទឹមសខុសច្បាប់ឱ្យសោះ រួមទាំងផលិតផលកសិកម្មផ្សេងទៀតដូចជា ដូងប្រេងជាដើម ព្រោះនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានសហការជាមួយផ្នែកផ្សេងៗធ្វើការតាមដាន និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាបន្តបន្ទាប់ ។ សូមគ្រប់គ្នាអនុវត្តតាមការប្រកាសរបស់គណៈកម្មការកណ្តាលសម្រាប់តម្លៃទំនិញ និងសេវាកម្ម គឺត្រូវគ្រប់គ្រងការនាំចូលទំនិញពីក្រៅប្រទេស ហើយបើពិនិត្យឃើញថា មានការលួចនាំចូលទំនិញខុសច្បាប់នោះ ប្រទេសថៃនឹងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង» ៕ ប្រភព ៖ Khaosod