មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមទាំងអារម្មណ៍មោទនភាពសម្រាប់តារាចម្រៀងរ៉េប២ដួងរបស់កម្ពុជាដែលបានជាប់នៅក្នុងបញ្ជី LiFTED ៥០ សម្រាប់ឆ្នាំ២០២៣ដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ ក្នុងនោះ វណ្ណដា បានឈរនៅលេខរៀងទី៦ ខណៈ Ruthko ម្ចាស់បទ «សុរា» ឈរនៅលេខរៀងទី៤៦នៅក្នុងបញ្ជីនេះ។
ពិតជាមានភាពភ្ញាក់ផ្អើលជាថ្មីទៅលើកំពូលតារារ៉េប វណ្ណដា កំលោះស្រុកខ្មែរមានឈ្មោះនៅលើបញ្ជីអន្តរជាតិបន្ទាប់ពីមានឈ្មោះនៅលើទស្សាវដ្តីដ៏ល្បីរបស់អាម៉េរិកដែលបានចេញផ្សាយកាលពីកន្លងទៅនេះនៅក្នុងបញ្ជីតារាវ័យក្មេងអាយុក្រោម៣០មានឥទ្ធិពលបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ពេលនេះបានជាប់នៅក្នុងបញ្ជីមួយទៀតហើយ។
តាមការចុះផ្សាយរបស់ liftedasia វណ្ណដា ឈរនៅលេខរៀងទី៦នៅក្នុងបញ្ជី LiFTED ៥០ សម្រាប់ឆ្នាំ២០២៣ដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ គេបានរៀបរាប់ថា វណ្ណដា កាន់តែភាពជោគជ័យជាសិល្បករខ្មែរបន្ទាប់ពីបទទម្លាក់បទ «Time to Rise» ដែលមានអ្នកទស្សនា១០០លានដង និងអាល់ប៊ុមទីពីររបស់ VannDa Skull 2: Season One ដែលធ្វើឱ្យទទួលបានការគាំទ្រយ៉ាងខ្លាំង។ វេបសាយដដែលក៏បង្ហាញពីការសហការគ្នារវាង វណ្ណដា និងតារារ៉េបថៃ ដូចជា F. HERO ,1 MILL និង SPRITE ក្នុងបទ «Run the Town» និងជាមួយ OG Bobby នៅក្នុងបទ ‘BONG’ និង ‘Young Man’ រួមទាំងការប្រគំតន្ត្រីនៅឆាក Rolling Loud កាលពីខែមេសាកន្លងទៅនេះផងដែរ រួមទាំងលើកសរសើរពី វណ្ណដា ច្រើនទៀត។
ជាមួយគ្នានេះដែរ មិនត្រឹមតែ វណ្ណដា ជាប់ក្នុងបញ្ជីខាងលើនេះទេ តារាចម្រៀងរ៉េប Ruthko ម្ចាស់បទ«សុរា» ក៏ជាប់នៅលេខរៀងទី៤៦ នៅក្នុងបញ្ជីនេះផងដែរ ដែលជាតារានៅក្នុងទ្រនំ KlapYaHandz ខណៈបទទម្លាក់ចុងក្រោយនេះមានចំណងជើងថា «Stay the Same» ។ ថ្មីៗនេះ Ruthkoក៏ជា Coach ម្នាក់នៅក្នុងកម្មវិធី «The Rapper Cambodia» ផងដែរ។
គួរបញ្ជាក់ផងដែរថា តារារ៉េបទាំង២រូបនេះពិតជាធ្វើអ្នកគាំទ្រមានមោទនភាពយ៉ាងខ្លាំងដែលនាំឈ្មោះកម្ពុជាជ្រៀតចូលអន្តរជាតិជាមួយតារាល្បីៗដូចជា JACKSON WANG, JAY PARK, JESSI, AWICH រួមទាំងតារារ៉េបជាច្រើនទៀតក្នុងចំណោមតំបន់អាស៊ីមានដូចជាប្រទេស ឥណ្ឌា , កូរ៉េខាងត្បូង ,ជប៉ុន ,ឥណ្ឌូនេស៊ី , ថៃ វៀតណាម, ហ្វីលីពីន ,ហុងកុង ,ចិន និង សិង្ហបុរី៕










