តារាចម្រៀង សាយ ដែលពេញដោយបេះដូងសប្បុសធម៌តែងតែបង្កើតយុទ្ធនាការជួយសង្រ្គោះកុមារកម្ពុជាបានបង្ហោះសារដោយក្តីអន់ចិត្តពេលឃើញយុវជនសម័យថ្មីខ្វល់តែរឿងគ្រួសារគេនិងជម្លោះបុគ្គលច្រើនជាងរឿងប្រទេសជាតិ។
មហាជនមួយចំនួនធំស្គាល់មកហើយថាតារាចម្រៀង សាយ គឺជាសិល្បករគម្រូម្នាក់ដែលបានបង្កើតយុទ្ធការរត់ជាច្រើនកម្មវិធី និងឆ្លងខេត្តជាច្រើនដើម្បីរៃអង្គាសប្រាក់ឧបត្ថម្ភទៅដល់មន្ទីរពេទ្យកុមារ ដែលធ្វើឱ្យមហាជនកោតសរសើរពីទឹកចិត្តរបស់តារាប្រុសរូបនេះយ៉ាងខ្លាំងទោះបីកន្លងមានរបួសឈឺដល់ខ្លួនដោយសារតែរត់ច្រើនគីឡូម៉ែត្រក្តីតែលោកមិនបោះបង់ចោលឡើយ។
អ្វីដែលធ្វើឱ្យ សាយ បង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តនោះនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងអស់ពីរឿងមួយចូលរឿងមួយពីជម្លោះអ្នកសិល្បៈដែលនាំឱ្យមានការវែកញែកគ្នាយ៉ាងខ្លាំងពីបញ្ហាឈ្លោះគ្នានេះ ប៉ុន្តែទាក់ទងកម្មវិធីប្រទេសជាតិហាក់ពុំឃើញមានការគាំទ្រឡើយ។
បង្ហោះសារទាំងម៉ោង១ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សាយ បានរៀបរាប់ថា «ខ្ញុំមិនអន់ចិត្តទេ នៅពេលមិនសូវមានអ្នកខ្វល់ពីកម្មវិធីរបស់ពួកខ្ញុំ តែខ្ញុំអន់ចិត្តនៅពេលយុវជនសម័យ ថ្មី ខ្វល់តែពីរឿងគ្រួសារគេ និងជម្លោះបុគ្គល ច្រើនជាងរឿងជាតិ Good night កម្ពុជា»។
ការបង្ហាញអារម្មណ៍អន់ចិត្តរបស់ សាយ អ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនលើកទឹកចិត្តបង្ហាញការគាំទ្រដល់តារាចម្រៀងរូបនេះក្នុងការធ្វើទង្វើសប្បុរសធម៌ដើម្បីជាតិមាតុភូមិ។
សូមបញ្ជាក់ផងដែរថា សាយ បានបង្កើតកម្មវិធី «Preah Vihear Temple Run »ដើម្បីអបអរសាទរខួប ១៥ ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ រហូតដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះជាព្រឹត្ដិការណ៍ រត់៧គីឡូម៉ែត្រ និងការប្រគំតន្រ្ដី ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាឯបរិវេណប្រាសាទព្រះវិហារ ជាមួយនឹង ២វិញ្ញាសារចូលរួម “រត់៧គ.ម.” និង “ដើរ៧០០ម៉ែត្រ” ដូច្នេះបងប្អូនជនរួមជាតិកុំភ្លេចចូលរួមចុះឈ្មោះឱ្យបានច្រើនក្នុងកម្មវិធីនេះ៕










