អ្នកគាំទ្រមួយចំនួនជ្រាបមកហើយថាតារាចម្រៀង សុខ ស្រីនាង បានស្ងប់ស្ងាត់ពីអាជីពសិល្បៈមួយរយៈហើយខណៈមានពាក្យចចាមអារ៉ាមថាតារាស្រីរូបនេះកំពុងសម្ងំសាងជីវិតគ្រួសារដោយស្ងប់ស្ងាត់ជាមួយគូជីវិតថ្មីបន្ទាប់ពីស្ពាយឈ្មោះជាស្រីមេម៉ាយច្រើនឆ្នាំ។ យ៉ាងណាមិញថ្មីៗនេះ អ្នកដឹកនាំសម្តែងនៅហង្សមាសលោក Eco Vaksong បានបង្ហោះវីដេអូនិងCaption នឹករលឹកដល់ សុខ ស្រីនាង ព្រមទាំងបញ្ជាក់ទៀតថាបទចម្រៀងប្រភេទGL ដែលលោកបានដឹកនាំ គឺជាបទចុងក្រោយរបស់តារាចម្រៀង សុខ ស្រីនាង ដែលកាន់តែធ្វើឱ្យច្បាស់មួយកម្រិតទៀតថានាងអាចបញ្ចប់អាជីពសិល្បៈមែនទែនហើយ។
សុខ ស្រីនាង ជាតារាចម្រៀងហង្សមាសមួយរូបដែលមានបទមួយចំនួនក្តោបបានទីផ្សារល្អពីមហាជនដូចជាបទ «ហត់ទេស្រលាញ់គេម្នាក់ឯង» ,«មិនស័ក្តិសម»ជាដើមជាពិសេស តារាស្រីមានសម្រស់ស្រស់ស្អាតរូបនេះមានឱកាសបានចេញបទចម្រៀងប្រភេទស្រីស្រលាញ់ស្រី(GL) ជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៀត។ យ៉ាងណាមិញ ក្រោយមក តារាចម្រៀង សុខ ស្រីនាង បានស្ងប់ស្ងាត់ពីវិស័យសិល្បៈជាខ្លាំងដែលធ្វើឱ្យហ្វេនៗរបស់នាងនឹករលឹកតារាស្រីរូបនេះយ៉ាងខ្លាំង ខណៈមានពាក្យចចាមអារ៉ាមថានាងកំពុងសាងជីវិតគ្រួសារត្រៀមធ្វើជាម្តាយគេទៀតផង។
បន្ទាប់ពីមានពាក្យចចាមអារ៉ាមនេះ សុខ ស្រីនាង បានបង្ហោះរូបភាពយ៉ាងរីករាយនៅលើដឹកដីប្រទេសជប៉ុនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បញ្ចប់ពាក្យចចាមអារ៉ាមថាកំពុងពរពោះ។ ទោះយ៉ាងណា ចាប់តាំងពីបង្ហោះរូបនៅប្រទេសជប៉ុនរួចមកមកទល់ពេលនេះបណ្តាញសង្គមរបស់ សុខ ស្រីនាង មិនបានបញ្ចេញសកម្មភាពអ្វីថ្មីឡើយ។
ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា លោក Eco Vaksong អ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាស បានបង្ហោះវីដេអូក្រៅឆាករបស់ សុខ ស្រីនាង និង ឱក សុគន្ធកញ្ញា អំឡុងថត MV ដោយភ្ជាប់ជាមួយសំណេរថា «ស្នេហាខ្ញុំផ្លូវ២ ជាបទចុងក្រោយរបស់ សុខ ស្រីនាង អនុស្សាវរីយ៍ល្អៗដែលធ្លាប់ធ្វើការជាមួយគ្នារយ:៦ឆ្នាំ សកម្មភាពឈុតឆាកសំដែងក្រៅឆាក ចង់ប្រាប់ថានឹកគាត់»។
ការលើកឡើងរបស់អ្នកដឹកនាំរូបនេះកាន់តែធ្វើឱ្យមហាជនច្បាស់មួយកម្រិតទៀតថា សុខ ស្រីនាង ទំនងជាឃ្លាតពីអាជីពសិល្បៈហើយប្រើជីវិតជាមួយគូស្នេហ៍ថ្មីហើយព្រោះវ័យនាងគួរដល់ពេលសាងជីវិតគ្រួសារហើយ៕











