ប្រទេសចិន ៖ Erenhot គឺជាទីក្រុងដឹកជញ្ជូនទំនិញដ៏សំខាន់របស់ប្រទេសម៉ុងហ្គោលី ដែលស្ថិតនៅភាគខាងជើងប្រទេសចិន ។ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ នេះ មានរថភ្លើងដឹកជញ្ជូនទំនិញរវាងប្រទេសចិន និងតំបន់អឺរ៉ុប បានកើនឡើងជាង១៥% ។
គេចាត់ទុកថា រថភ្លើង គឺជាមធ្យោបាយដឹកជញ្ជូនទំនិញតាមផ្លូវគោកដ៏សំខាន់មួយដែលងាយស្រួលបំផុត ដោយសារវាអាចតភ្ជាប់តំបន់អឺរ៉ុប និងអាស៊ី ។ ចំណែកប្រទេសម៉ុងហ្គោលី គឺជាតំបន់សំខាន់ក្នុងការពង្រីកផ្លូវដឹកជញ្ជូនទំនិញទៅទិសខាងជើង ។ ចាប់តាំងពីរថភ្លើងដឹកទំនិញរវាងប្រទេសចិន និងអឺរ៉ុប បើកដំណើរការជាលើកដំបូងកាលពីឆ្នាំ២០១៣ មក គេបានដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងជាង១០លានតោនក្នុង១ឆ្នាំ ។
អនុប្រធានការិយាល័យគយប្រចាំទីក្រុង Erenhot លើកឡើងថា តំបន់នេះមានគុណសម្បត្តិផ្នែកភូមិសាស្ត្រ និងអាចភ្ជាប់គម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១ ផងដែរ ។ ក្រុមការងារគយបានកែលម្អវិធានការនានា ដើម្បីឱ្យការដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកាន់អឺរ៉ុបកាន់តែងាយស្រួលថែមទៀត ។
តាំងពីឆ្នាំ២០១១ China Railway Express បានផ្តល់សេវាកម្មដឹកជញ្ជូនទំនិញតាមរថភ្លើងឆ្លងកាត់ព្រំដែនប្រទេសចិន ទៅកាន់ទីក្រុងជាង២០០ ក្នុង២៤ប្រទេសនៅតំបន់អឺរ៉ុប ។ China Railway Express ត្រូវបានគេចាត់ទុកថា បានរួមចំណែកយ៉ាងសំខាន់ក្នុងគម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១ ៕ ប្រភព ៖ China Face










