លោក វណ្ណថាន តារាចម្រៀងប្រចាំផលិតកម្មបារមី និងជាសិល្បករចំណានម្នាក់ដែលអាចលេងឧបករណ៍បុរាណខ្មែរបានយ៉ាងជំនាញ ជាពិសេសតាមការផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយ វណ្ណថាន បានឱ្យដឹងថាលោកអាចលេងឧបករណ៍ភ្លេងទាំងបុរាណនិងសម័យបានចំនួន២៨ និងបានទម្លាយប្រវត្តិតស៊ូខ្លាំងនៅក្នុងជីវិត ខណៈការសិក្សាវិញមិនបានរៀនជ្រៅជ្រះនោះទេព្រោះគ្រួសារមានជីវភាពខ្វះខាត។
បទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀង វណ្ណដា និង វណ្ណថាន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេសហើយមហាជនកាន់តែស្គាល់ វណ្ណថាន មួយកម្រិតទៀត ខណៈអ្នកគាំទ្រភាគច្រើនបានស្គាល់ថាលោកគឺជាសិល្បករម្នាក់ដែលអាចឧបករណ៍បុរាណខ្មែរច្រើនមុខដ៏ចំណាន។ យ៉ាងណាមិញ ទម្រាំអាចសាងប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះជីវិតរបស់កំលោះស្រុកខ្មែររូបនេះក៏មានការតស៊ូខ្លាំងដូចគ្នា។
ផ្តល់បទសម្ភាសនៅក្នុងកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍PNN តារាចម្រៀង វណ្ណថាន មានឈ្មោះកំណើត លី វណ្ណថាន់ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង។ បើនិយាយពីតន្រ្តីបានជ្រាបក្នុងខ្លួនលោកតាំងពីអាយុ៨ឆ្នាំមកម្ល៉ោះ ហើយលោកក៏មានឪពុកជាតន្រ្តីករបុរាណម្នាក់។ វណ្ណថាន បានឱ្យដឹងទៀតថា គ្រួសារលោកមិនមែនជាអ្នកធូរធានោះទេរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក ដោយឪពុកម្តាយបានចេញទៅរស់នៅខេត្តបាត់ដំបងជាកម្មករលីស៊ីម៉ងត៍ដោយលោកត្រូវរស់នៅជាមួយជីដូនមុនពេលផ្លាស់ទៅរស់នៅជាមួយឪពុកម្តាយ។
តារាចម្រៀងរូបនេះ បានបន្ថែមថាជីវភាពគ្រួសាររបស់លោកចាប់ផ្តើមបន្តិចៗម្តងពុំសូវលំបាកដូចមុនដោយសមាគមហ្វាពន្លឺសិល្បៈបានប្រកាសស្វែករកគ្រូបង្រៀនឧបករណ៍បុរាណហើយឪពុកលោកក៏បានចូលរួម។ ការផ្តល់បទសម្ភាសនោះ វណ្ណថាន ថាលោកក៏ធ្លាប់អន់ចិត្តជាមួយឪពុករបស់ខ្លួនដែរ ដោយការរៀនភ្លេងខ្ទង់ឆ្នាំ២០០១ ឪពុកលោកពុំបានបង្រៀនលោកដូចជាសិស្សដទៃទេ គឺលោកបានរៀននៅពេលសិស្សដទៃចេញពីថ្នាក់អស់ទើបលោកអាចចូលទៅរៀនបានហើយត្រូវខិតខំរៀនសូត្រ ស្វែងយល់ដោយខ្លួនឯង ដោយឪពុកលោកមានការចង្អុលបង្ហាញបន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះយ៉ាងណា ពេលវេលាមកដល់ឪពុករបស់ វណ្ណថាន បានទម្លាយមូលហេតុនៃការធ្វើបែបនេះដោយសារតែមិនចង់ឱ្យគេនិយាយថាបង្រៀនតែកូនខ្លួនឯងទើបលោកយល់បំណងរបស់ឪពុកនៅពេលនោះ។
ជាមួយការរៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ វណ្ណថាន ក៏បានបញ្ជាក់ទៀតថាលោកអាចលេងភ្លេងទាំងបុរាណនិងសម័យបានចំនួន២៨ឧបករណ៍ និងធ្លាប់មានឱកាសទៅហាត់រៀននៅប្រទេសបារាំងចំនួន២ឆ្នាំហើយសាច់ហាត់រៀនគឺបានចំនួន១ឆ្នាំ ពីសមាគមហ្វាពន្លឺសិល្បៈមានការសហការណ៍ជាមួយប្រទេសក្រៅ។ វណ្ណថាន ក៏បានបន្ថែមទៀតថា លោកមិនបានស្រមៃថាមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្នទេ គ្រាន់តែចង់ស្នងតំណែងពីឪពុកក្នុងការលេងឧបករណ៍បុរាណខ្មែរតែប៉ុណ្ណោះ៕











