ប្រទេសចិន ៖ បច្ចុប្បន្ន គេសង្កេតឃើញថា មុខម្ហូបប្លែកមួយឈ្មោះ «ឆាដុំថ្ម» ត្រូវបានគេមកលក់នៅផ្សាររាត្រីមួយកន្លែងនៅខេត្តហ៊ូណាន ប្រទេសចិន គឺតម្លៃ១៦យាន់ក្នុង១ចាន ។ ភោជនីយដ្ឋានចិនឱ្យដឹងថា មុខម្ហូបនេះលក់ដាច់ណាស់ ហើយភោជនីយដ្ឋានអាចយកដុំថ្មដដែលមកឆាឡើងវិញលក់ឱ្យអតិថិជន ដោយគ្រាន់តែផ្សំគ្រឿងថ្មីប៉ុណ្ណោះ ។
ចំណែកការចម្អិនម្ហូបនេះ គឺគេបានយកដុំថ្មពីទន្លេមកឆាជាមួយគ្រឿងផ្សេងៗដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ ។ ជនជាតិចិនហៅឈ្មោះម្ហូបនេះថា «ស៊ូទៀវ» មានន័យថា អ្នកបរិភោគអាចជញ្ជក់ដុំថ្ម រួចខ្ជាក់វាចេញមកក្រៅវិញ ។ ជនជាតិចិនប្រាប់ថា ការបរិភោគម្ហូបឆាដុំថ្ម គឺវាមានរសជាតិស្រដៀងគ្នានឹងការបរិភោគសាច់ត្រីដែរ ។.jpg)
ភោជនីយដ្ឋាននៅប្រទេសចិនឱ្យដឹងថា ដុំថ្មដែលគេយកមកធ្វើម្ហូបនេះ មិនមែនសម្រាប់បរិភោគទេ ប៉ុន្តែទុកសម្រាប់ជញ្ជក់តែប៉ុណ្ណោះ ដើម្បីទទួលបាននូវរសជាតិគ្រឿងផ្សំផ្សេងៗដែលគេយកមកឆាបញ្ចូលគ្នា បន្ទាប់មក អ្នកបរិភោគត្រូវខ្ជាក់ដុំថ្មចេញវិញ ។ ចំណែកដុំថ្មដែលអតិថិជនបរិភោគរួចហើយ ខាងភោជនីយដ្ឋានបានយកវាមកលាងសម្អាតឱ្យស្អាត រួចយកទៅឆាលក់ម្តងទៀត ។
ម្ចាស់ភោជនីយដ្ឋានបញ្ជាក់ថា វាមិនមែនជាមុខម្ហូបថ្មីប្លែកទេ ប៉ុន្តែវាជាម្ហូបបុរាណរបស់ចិនរាប់រយឆ្នាំមកហើយ ។ គេជឿថា ម្ហូបនេះមានប្រភពពីអ្នកជិះទូកនៅសម័យមុនខ្វះខាតអាហារក្នុងអំឡុងពេលពួកគេជិះទូកតាមទន្លេយ៉ង់សេ ដូច្នេះ ពួកគេក៏រើសដុំថ្មយកមកឆា ។ ក្រោយមក វាបានក្លាយជាម្ហូបពេញនិយមនៅខេត្តយូណាន ក្នុងអំឡុងពេលសង្គ្រាមរវាងប្រទេសចិន និងជប៉ុន ចាប់ពីឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនគិតថា វាជាម្ហូបថ្មីប្លែក ប៉ុន្តែការពិត គេបានលក់ម្ហូបឆាដុំថ្មជាច្រើនកន្លែងនៅប្រទេសចិន ៕
ប្រភព ៖ Mono News










