តារាចម្រៀង ជី ដេវីត បានប្រកាសនៅលើបណ្តាញសង្គមថាលោកនឹងសម្តែងបទ មហានគរ ជាមួយផ្ទាំងទស្សនីយ៍ភាពដល់ទៅ៧ ក្នុងថ្ងៃប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាប៉ះជាបង់ក្លាដេស នាពេលខាងមុខនេះ។ ហើយការបង្ហាញផ្ទាំងទស្សនីយ៍ភាពនេះ ក៏មានការប្រឹក្សាច្បាស់លាស់ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។
ដូចអ្នកគាំទ្រជ្រាបមកហើយថា កាលពីពេលថ្មីៗនេះតារាចម្រៀង ជី ដេវីត បានបញ្ជាក់ថាលោកនឹងសម្តែង «បទមហានគរ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងជំនួបបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស ដែលធ្វើឱ្យមហាជនសាទរយ៉ាងខ្លាំងចំពោះដំណឹងនេះ ព្រោះជាអ្វីដែលពួកគេចង់ឃើញជាយូរមកហើយបន្ទាប់ពីបទចម្រៀងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះអក់ខានក្នុងព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម២០២៣។
អ្វីដែលកាន់តែរំភើប នៅល្ងាចថ្ងៃទី៨ ខែមិថុនា លោក ជី ដេវីត បានបញ្ជាក់ថា ការបង្ហាញផ្ទាំងទស្សនីយភាពនាថ្ងៃនោះមានចំនួន៧ រួមមាន១.កូរសមុទ្រទឹកដោះ ២.អប្សរា
៣.ម្ករ ៤.ល្ខោនខោល ៥.គុនល្បុក្កតោ ៦.ផ្កាយសំណាង កាន់ទង់ ៧.គ្រុឌ។
ជាមួយការផ្តល់ផ្ទាំងទស្សនីយភាពខាងលើនេះក៏មានការចូលរួមប្រឹក្សាពីលោកគ្រូ ព្រឿង ឈៀង និងអ្នកគ្រូ ប៉ែន សុខហួន សាស្ត្រាចារ្យ ទីប្រឹក្សា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។
គួរបញ្ជាក់ផងដែរ ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ តារាចម្រៀង ជី ដេវីត បានជ្រើសបទ« វីរៈនារី »ជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមកបង្ហាញធ្វើឱ្យមហាជនពោលសរសើរលោកយ៉ាងខ្លាំង៕










