ក្រុមហ៊ុនអន្តរជាតិធំៗប្រមាណពាក់កណ្តាលនៅទូទាំងពិភពលោក បានដាក់ផែនការកាត់បន្ថយទំហំការិយាល័យធ្វើការក្នុងរយៈពេល៣ឆ្នាំខាងមុខ ។ ព័ត៌មាននេះបានផ្សព្វផ្សាយដោយ Knight Frank ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយលើពិភពលោក ហើយក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុននីមួយៗបានសម្របខ្លួនធ្វើការងារពីផ្ទះកាន់តែច្រើនឡើង ចាប់តាំងពីមានជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ប៉ុន្តែក្រុមហ៊ុនតូចៗភាគច្រើនមានគម្រោងពង្រីកការិយាល័យធ្វើការរបស់ពួកគេ ។
តាមការស្ទង់មតិរបស់ក្រុមហ៊ុន Knight Frank បង្ហាញថា បណ្តានាយកគ្រប់គ្រងក្រុមហ៊ុនទទួលខុសត្រូវផ្នែកអចលនទ្រព្យចំនួន៣៥០កន្លែងនៅទូទាំងពិភពលោក ដែលមានបុគ្គលិករួមគ្នាសរុប១០លាននាក់ រកឃើញថា ក្រុមហ៊ុនធំៗទាំងនេះកំពុងកាត់បន្ថយកម្រិតកាបូន និងបានកំណត់គោលដៅកាត់បន្ថយទំហំការិយាល័យពី១០% ទៅ២០% ។
អ្នកជំនាញផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Knight Frank និយាយថា ៖ «ការប្រើប្រាស់ការិយាល័យមានទំហំតូចជាងមុនជាចំណុចល្អមួយ និងក្លាយជាជម្រើសរបស់ក្រុមហ៊ុនធំៗ ហើយវាមិនមែនជាទីបញ្ចប់របស់ទីផ្សារអចលនទ្រព្យទេ ពីព្រោះអ្វីដែលយើងបានឃើញនេះ គឺជាកង្វះខាតការផ្គត់ផ្គង់ និងតម្លៃជួលអគារការិយាល័យកើនឡើង» ។ ក្រុមហ៊ុនអន្តរជាតិធំៗគ្រោងកាត់បន្ថយទំហំការិយាល័យនេះ បានធ្វើឱ្យគេបារម្ភពីថ្ងៃអនាគតរបស់អគារចាស់ និងអគារស្ថិតក្នុងទីតាំងមិនពេញនិយមផងដែរ ។ ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មបានប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារអត្រាការប្រាក់កើនឡើង ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនជាច្រើនបានផ្អាកការសម្រេចចិត្តរឿងអចលនទ្រព្យរបស់ខ្លួន ដើម្បីរង់ចាំវាយតម្លៃឥរិយាបថការងារក្រោយការរាតត្បាតរបស់ជំងឺកូវីដ ខណៈក្រុមហ៊ុនខ្លះទៀតរង់ចាំឱ្យកិច្ចសន្យាជួលអគារផុតសុពលភាពសិន មុននឹងសម្រេចចិត្តផ្លាស់ប្តូរ ៕ ប្រភព ៖ beartai BRIEF










