ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន Delhi NK បានចុះផ្សាយថា មន្ត្រីរាជការ និងនិស្សិតជាច្រើននាក់ត្រូវបានគេបញ្ជូនពីទីក្រុងព្យុងយ៉ាងទៅកាន់តំបន់វាលស្រែក្នុងខេត្តវាំងហែតាយ ស្ថិតនៅភាគខាងលិចប្រទេសកូរ៉េខាងជើង ហើយសូម្បីតែមន្ត្រីទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ក៏ត្រូវបានគេស្នើឱ្យបញ្ចេញកម្លាំងពលកម្មផងដែរ ដោយមានការឃោសនាបបួលឱ្យមន្ត្រីទូតមកធ្វើការក្នុងកសិដ្ឋានបន្លែនៅក្បែរក្រុងម៉ាន់ផូ ។ ខេត្តវាំងហែតាយ ត្រូវបានគេដាក់ឈ្មោះថាជា «កន្ត្រកនំប៉័ង» របស់កូរ៉េខាងជើង ដោយសារខេត្តនេះមានផ្ទៃដីរាបស្មើ និងមានភ្នំតិចជាងខេត្តផ្សេងទៀត ហើយសមស្របក្នុងការធ្វើស្រែចម្ការផងដែរ ។
សារព័ត៌មាន Delhi NK ជាសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ដែលបានសរសើរពីការប្រឹងប្រែងបង្កបង្កើនផលស្រូវក្នុងតំបន់របស់ក្រុមអ្នកស្ម័គ្រចិត្ត ព្រមទាំងសរសើរពីការជួយរបស់ក្រសួងផ្សេងៗ ដូចជា វិទ្យាស្ថានជាតិ និងភ្នាក់ងារនានារបស់រដ្ឋាភិបាល ។ ចំណែកអ្នកស្រុកនិយាយថា គេបានរៀបចំកន្លែងស្នាក់នៅក្នុងខេត្តសម្រាប់អ្នកស្ម័គ្រចិត្តទាំងអស់ដែលធ្វើដំណើរមកពីទីក្រុង ដើម្បីមកជួយស្រោចទឹក និងដាក់ជីដំណាំ ក្រៅពីនេះ ក៏មានអ្នកស្ម័គ្រចិត្តមកជួយដាំកូនឈើផងដែរ ។
សារព័ត៌មាន Rodong Sinmun ចុះផ្សាយថា មន្ត្រីទូតរុស្ស៊ីបានជួយកម្ចាត់ស្មៅនៅសួនបន្លែខូឆាំង ដែលនៅឆ្ងាយពីស្ថានទូតរុស្ស៊ីទៅកាន់ទិសនិរតីប្រមាណ១៣គីឡូម៉ែត្រ ។ រីឯគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាងបញ្ជាក់ថា កសិដ្ឋាននេះកំពុងដាំដុះដំឡូងបារាំង ពោត និងសណ្តែកសៀង ហើយមន្ត្រីស្ថានទូតនឹងទទួលបានការបែងចែកទិន្នផលដើម្បីយកមកបរិភោគផងដែរ ក្រោយពីបានជួយដាំដុះដំណាំ ។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងលើកឡើងថា កាលពីឆ្នាំ២០២២ ចំនួនអ្នកស្លា.ប់ដោយសារការអត់ឃ្លានបានកើនឡើង៣ដងនៅប្រទេសកូរ៉េខាងជើង ចំណែកលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង មានរាងកាយស្គមកាលពីមុន បច្ចុប្បន្ននេះ លោកមានសុខភាពល្អវិញហើយ និងមានទម្ងន់ជិត១៤០គីឡូក្រាម ។
លោក Yoo Sang Bom ជាអ្នកស្រុកម្នាក់រស់នៅក្បែរជាយដែននិយាយថា ៖ «យើងដឹងថា តម្លៃពោតនៅកូរ៉េខាងជើងកើនឡើង៦០% ហើយតម្លៃស្រូវកើនឡើង៣០% បើធៀបនឹងឆ្នាំ២០២២ ។ ដូច្នេះ វាជាតម្លៃមួយខ្ពស់បំផុតតាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាច» ៕ ប្រភព ៖ khaosod










