សហរដ្ឋអាមេរិក ៖ តាមការស្រាវជ្រាវថ្មីបង្ហាញថា មានយុវវ័យរាប់លាននាក់នៅអាមេរិកកើតជំងឺធាត់ ហើយពួកគេបានជ្រើសយកវិធីវះកាត់ដើម្បីសម្រកទម្ងន់កាន់តែច្រើន ។ ការវះកាត់ព្យាបាលជំងឺធាត់ក្នុងចំណោមយុវវ័យអាមេរិកមានអាយុចាប់ពី១០ឆ្នាំ ទៅ១៩ឆ្នាំ បានកើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៦ ហើយការវះកាត់របស់យុវវ័យបានកើនកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ជាអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ស្មើនឹង១៩% ខណៈការវះកាត់សម្រកទម្ងន់របស់ពលរដ្ឋវ័យកណ្តាលធ្លាក់ចុះ ។Americans More Obese Than Ever, Study Finds | US News | Sky News

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិកបញ្ជាក់ថា ជំងឺធាត់របស់កុមារ និងយុវវ័យ គឺជាបញ្ហាធ្ងន់ធ្ងរមួយនៅអាមេរិក ពីព្រោះកុមារ និងយុវវ័យមានជំងឺធាត់កាន់តែច្រើន ដោយគេសង្កេតឃើញថា មានយុវវ័យម្នាក់កើតជំងឺធាត់ក្នុងចំណោម៥នាក់ ។ បើគិតពីចំនួនពលរដ្ឋមានអាយុចន្លោះពី២ឆ្នាំ ដល់១៩ឆ្នាំ គឺមានអ្នកកើតជំងឺធាត់ចំនួន១៥លាននាក់ រីឯចំនួនអ្នកកើតជំងឺធាត់ខ្លាំង ក៏កំពុងកើនឡើងផងដែរ ។

ការវះកាត់សម្រកទម្ងន់ គឺជាការវះកាត់ផ្លាស់ប្តូរអវយវៈក្នុងខ្លួនមនុស្ស ដូចជា ក្រពះ និងពោះវៀន ហើយវាប៉ះពាល់ដល់ការស្រូបយកអាហាររបស់រាងកាយ ។ ហេតុនេះ វានឹងធ្វើឱ្យការបរិភោគអាហារផ្លាស់ប្តូរ ដូចជា ធ្វើឱ្យអ្នកដែលត្រូវគេវះកាត់មិនសូវឃ្លានចំណីអាហារ និងឆ្អែតជាងមុន ។Bariatric Surgery in Kids With Obesity Becoming More Common | MedPage Today

កាលពីមុន នៅអាមេរិកមិនសូវនិយមវះកាត់សម្រកទម្ងន់ទេ ប៉ុន្តែនៅដើមឆ្នាំ២០២៣ វិទ្យាស្ថានកុមារអាមេរិកបានផ្សព្វផ្សាយពីគោលការណ៍ថ្មីសម្រាប់ការព្យាបាលជំងឺធាត់ ហើយវាជាការផ្លាស់ប្តូរលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ។ គោលការណ៍ថ្មីនេះបានណែនាំឱ្យពលរដ្ឋព្យាបាលដោយចលនា និងការផ្លាស់ប្តូររបៀបរស់នៅ ព្រមទាំងណែនាំថា ឱ្យវះកាត់ និងប្រើថ្នាំសម្រាប់កុមារមួយចំនួន ជាពិសេស អ្នកមានជំងឺធាត់ខ្លាំង ។ ទោះយ៉ាងណា កុមារទាំងនេះត្រូវធ្វើរោគវិនិច្ឆ័យ និងមានការយល់ព្រមពីគ្រូពេទ្យជាមុន ។

ក្រុមអ្នកស្រាវជ្រាវជំងឺធាត់ចំពោះកុមារ និងយុវវ័យ លើកឡើងថា ៖ «ទិន្នន័យទាំងនេះបង្ហាញឱ្យយើងឃើញថា យុវវ័យ និងគ្រួសារពួកគេចាប់អារម្មណ៍នឹងការវះកាត់សម្រកទម្ងន់ បើពួកគេមានលទ្ធភាព» ។ ក្រុមអ្នកស្រាវជ្រាវបន្តថា ការសិក្សាជាច្រើនបង្ហាញថា កត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូងចាប់ផ្តើមកើតតាំងពីវ័យកុមារ រហូតដល់មនុស្សចាស់ ។ ដូច្នេះ ការវះកាត់ជាវិធីព្យាបាលមួយក្នុងចំណោមវិធីព្យាបាលមានសុវត្ថិភាព និងប្រសិទ្ធភាព ដែលជួយឱ្យវ័យជំទង់ក្លាយជាមនុស្សពេញវ័យមានសុខភាពល្អ ៕ ប្រភព ៖ TNN World