ប៉ុន្មានថ្ងៃនេះ អ្នកលេងបណ្តាញសង្គមហ្វេកប៊ុកប្រាកដជាបានឃើញ ករណីអតិថិជន ABA មួយរូប បានបាត់លុយចេញពីកុងអស់១០មុឺនដុល្លារ ដោយសារតែបញ្ហាសុីមកាត។
បន្ទាប់ពីបានទទួលព័ត៌មាននេះ ខាងធនាគារ ABA បានចេញសេចក្តីប្រកាសភ្លាមដោយលើកឡើងថា៖”ភ្លាមៗ បន្ទាប់ពីបានចាត់វិធានការជួយដល់អតិថិជនរបស់យើង យើងខ្ញុំបានធ្វើការស៊ើបអង្កេត និងបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ធនាគារមានសុវត្ថិភាពពេញលេញ។ យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និងបានពន្យល់អំពីនីតិវិធី និងសុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។ អតិថិជន មិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។ ធនាគារ ABA នឹងបន្តសហការជាមួយអតិថិជន និងអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ។ ជាថ្មីទៀត យើងខ្ញុំសូមរំលឹកដល់អតិថិជនទាំងអស់ ឲ្យទាក់ទងមកធនាគារ ABA ជាមុនសិន ប្រសិនបើ មានការសង្ស័យ ឬបានដឹងពីករណីលួចបន្លំណាមួយ។ យើងខ្ញុំ នៅតែប្ដេជ្ញាជួយដល់អតិថិជនរបស់យើងគ្រប់ករណីទាំងអស់”។
ដោយឡែក អតិថិជនដែលបានបាត់លុយនោះក៏បានចេញមកបកស្រាយផងដែរ ដោយបានបង្ហោះសារថា៖” មកដល់ពេលនេះ ទទួលស្គាល់ថា រាងកាយខ្ញុំអស់កម្លាំង តែកម្លាំងចិត្តពីខាងក្នុងខ្ញុំនៅតែខ្លាំង ក៏ព្រោះតែទទួលបានការស្រលាញ់ ការលើកទឹកចិត្តពីគ្រួសារ បងប្អូន មិត្តភក្តិ និងអតិថិជនទាំងអស់គ្នាតាំងពីថ្ងៃកើតហេតុមកដល់ថ្ងៃនេះ ខ្ញុំពិតជារំភើបបំផុតនិងដឹងគុណណាស់ ដោយសារតែការព្រួយបារម្ភរបស់បងប្អូនជាច្រើនឆាតសួរសុខទុក្ខ តែខ្ញុំមិនទាន់បានឆ្លើយតបទៅវិញ ក៏ព្រោះតែរវល់ដោះស្រាយការងារជាមួយច្បាប់! ឥទ្បូវនេះខ្ញុំសុំអាប់ដែតពត៌មាន បន្ទាប់ពីទទួលបានការសហការណ៍ជួយជ្រោមជ្រែងពីធនាគាABA តាមពិតរឿងហ្នឹងវាកើតឡើងដោយសារ ស៊ីមប្ដីខ្ញុំត្រូវជនបន្លំខ្លួនទៅបើកប្រើ ដោយលេខនេះគឺមានប្រើជាមួយABAរបស់ខ្ញុំដែលកំពុងប្រើស្រាប់។ពួកខ្ញុំបានជួបនិយាយជាមួយធនាគារABAហើយខាងធនាគារបានពន្យល់ពីដំណើរការ និងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ មានអារម្មណ៍ថា កក់ក្តៅនិងជឿជាក់ថាមិនពាក់ពន្ធ័នឹងABA ហើយក៏ជឿថាលុយដែលជាញើសឈាមរបស់ខ្ញុំនឹងទទួលបានមកវិញឆាប់ៗនេះ អរគុណសំរាប់ទឹកចិត្ត កាន់តែកក់ក្តៅទៀតគឺ ខាងធនាគារក៏បានសន្យាជួយស៊ើបករណីនេះជាមួយពួកខ្ញុំនិងប៉ូលិសដើម្បីរកជនល្មើសផងដែរ”។
សូមរំលឹកផងដែរថា មុនកើតរឿងដ៏មិននឹកស្មានដល់នេះ អតិថិជនខាងលើ ក៏បានប្រាប់ឱ្យដឹងថា គាត់បានបាត់ទូរស័ព្ទនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ហើយក៏ទើបតែបើកលេខវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែ ស្រាប់តែថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ប្រពន្ធរបស់គាត់ បានប្រាប់ថាខូច SIM លែងដំណើរបាន ហើយគាត់ និងប្រពន្ធ ក៏បានទៅកាន់ក្រុមហ៊ុន Metfone នៅវេលាម៉ោងប្រហែល ៧ យប់ថ្ងៃដដែល ដើម្បីឱ្យក្រុមហ៊ុនជួយពិនិត្យមើល។ តែអ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះ គឺស្រាប់តែបុគ្គលិកបានប្រាប់ថា លេខប្រពន្ធរបស់គាត់ត្រូវបានគេបើកកាលពីព្រឹកមិញរួចហើយ។ នៅពេលឮបែបនេះ ពួកគាត់ពិតជាមានការសង្ស័យជាខ្លាំង និងបានទៅកាន់ធនគារ ABA ភ្លាមៗ ដើម្បីចង់ដឹងថាតើកុងធនាគារប្រពន្ធរបស់គាត់ នៅមានសុវត្ថិភាពឬយ៉ាងណា!។ តែអ្វីដែលកាន់តែស្លុតចិត្តខ្លាំងបំផុតនោះ គឺបុគ្គលិក ABA បានប្រាប់ថា កុងធនាគាររបស់ពួកគាត់ ត្រូវបានគេដកលុយអស់ 10 ម៉ឺនដុល្លារ ហើយ។
ខណៈពេលនេះមហាជនបានដាក់សំណួរចោទទៅខាងក្រុមហ៊ុន Metfone ដោយលើកហេតុផលថា៖ “ហេតុអ្វីបានជាគេអាចមកបើក SIM លេខរបស់យើងបាន បើគេមិនមែនជាម្ចាស់ ព្រោះថា ចូលដល់ក្រុមហ៊ុន ក្រែងគេទាមទារ «អត្តសញ្ញាណបណ្ណ» ម្ចាស់ដើម ហេតុអ្វីដែលអាចទៅរួចបែបនេះ?។
តែយ៉ាងណាមិញជុំវិញករណីនេះ យើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយក្រុមហ៊ុន ABA កំពុងសហការគ្នាជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីផ្តល់យុត្តិធម៌ និងថវិការដែលបានបាត់នោះ ឱ្យអតិថិជនវិញ៕












