នាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាននាំយកពូជ “ក្រពើត្រី” ២៥ក្បាល  មកពីខេត្តសៀមរាប មកលែងក្នុងបឹងធម្មជាតិ បឹងខាំផា នៅឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

លោកអ៊ន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា៖”សត្វក្រពើត្រីដែលបាននាំយកមកលែងនេះ មានចំនួន២៥ក្បាល តែការនាំមកមានផ្លូវឆ្ងាយ និងប្រើរយៈពេលយួរ វាបានស្លាប់ចំនួន៣ក្បាល នៅសល់តែ២២ក្បាលប៉ុណ្ណោះបានលែងទៅក្នុងបឹងធម្មជាតិនៅតំបន់អភិរក្សសត្វត្មាត ក្នុងភូមិសាស្ត្រទឹកដីស្រុកសៀមប៉ាង”។

ដោយឡែកលោកលោកសុខឃឿន នាយកដែនអភិរក្សសត្វព្រៃសៀមប៉ា បានលើកឡើងថា៖”មន្ត្រីប្រចាំការនៅទីនេះនិងមើលថែសត្វក្រពើត្រីនេះ ហើយការពារមិនឱ្យសត្វគោ ក្របីចុះ ព្រមទាំងដាក់សញ្ញាហាមឃាត់កូនចៅប្រជាពលរដ្ឋ ចុះទឹករកត្រី ឬបោះបោចបន្លែបង្ការនៅក្នុងស្រះទឹកនេះទេ ព្រោះវាមានជម្រៅជ្រៅខ្លាចមានគ្រោះថ្នាក់ ទោះបីថាក្រពើត្រីនេះវាមិនខាំមនុស្សក៏ដោយ”។

សូមបញ្ជាក់ផងដែរថា ក្រពើត្រីនេះជាពពួកសត្វជិតផុតពូជ ត្រូវបានមន្ត្រីនាយកដ្ឋានជលផល សហការជាមួយក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីលែងសរុបបានចំនួន ៤១ក្បាលហើយ ក្នុងនោះ លើកទីមួយចំនួន១៩ក្បាល និងលើកទី២នេះ មានចំនួន២២ក្បាល ទៅក្នុងបឹងណាវ៉ា និងបឹងខាំផា ស្ថិតនៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕ប្រភព៖ ក្រសួងព័ត៌មាន