ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានចិនបានចុះផ្សាយពីការបោកប្រាស់ថ្មីមួយទៀត គឺជនខិលខូចបានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI មកបោកប្រាស់ជនរងគ្រោះរហូតយល់ព្រមផ្ទេរប្រាក់អស់ប្រាក់ចំនួន៤លាន៣សែនយាន់ ។ ជនរងគ្រោះលើកឡើងថា បច្ចេកវិទ្យា AI អាចបន្លំផ្ទៃមុខ និងសំឡេងរបស់អ្នកណាម្នាក់ដូចគ្នាបេះបិទ ។
ហេតុការណ៍នេះបានកើតឡើងចំពោះបុរសម្នាក់រស់នៅទីក្រុងហ្វូចូវ ខេត្ត Fujian ។ បុរសរងគ្រោះជាអ្នកធ្វើការក្នុងក្រុមហ៊ុនអាជីវកម្មមួយនិយាយថា ខ្លួនបានទទួលវីដេអូខលពីទូរស័ព្ទអនាមិកមួយ ហើយនៅពេលសន្ទនាគ្នាតាមវីដេអូនោះ លោកបានឃើញផ្ទៃមុខមិត្តភក្តិរបស់លោកនិយាយជាមួយលោក ។ ចំណែកសំឡេងវិញ គឺដូចគ្នានឹងមិត្តលោកខ្លាំងណាស់ រហូតដល់លោកមិនអាចបែងចែកថា វាជាសំឡេងពិតប្រាកដ ឬសំឡេងក្លែងក្លាយ ។
ក្រោយមក ជនខិលខូចទូរស័ព្ទមកប្រាប់ថា ខ្លួនមានបញ្ហាក្នុងគ្រួសារ ហើយសូមឱ្យលោកជួយ ដោយឱ្យលោកផ្ទេរប្រាក់ទៅឱ្យគេជាបន្ទាន់ ។ ជននោះអះអាងថា នឹងយកប្រាក់នេះទៅដេញថ្លៃការងារមួយរបស់រដ្ឋ ធ្វើឱ្យលោកជឿទាំងស្រុង រួចក៏យល់ព្រមផ្ទេរប្រាក់តាមសំណូមពរ ។
ទោះយ៉ាងណា ក្រោយពីបានសន្ទនាគ្នា និងផ្ទេរប្រាក់ចប់សព្វគ្រប់ លោកក៏បានផ្ញើសារទៅកាន់មិត្តភក្តិជិតស្និទ្ធរូបនេះ ស្រាប់តែមិត្តរបស់លោកមិនដឹងរឿងរ៉ាវដែលកើតឡើងទេ លោកក៏ដឹងភ្លាមៗថា មានគេបន្លំធ្វើជាមិត្តរបស់លោក ។ លោកបានទៅដាក់ពាក្យបណ្តឹង និងជូនដំណឹងទៅកាន់ធនាគារផងដែរឱ្យពិនិត្យមើលការផ្ទេរប្រាក់នេះឡើងវិញ បន្ទាប់មក លោកក៏បានទទួលប្រាក់ត្រឡប់មកវិញចំនួនតែ៣លាន៤សែនយាន់ប៉ុណ្ណោះ ចំណែកប្រាក់នៅសល់ គឺគេកំពុងតាមដាន ។
ក្រោយហេតុការណ៍នេះ មន្ត្រីប៉ូលិសបានដាស់តឿនទៅកាន់ពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងពិនិត្យមើលអ្នកសន្ទនាជាមួយយើងឱ្យគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តផ្ទេរប្រាក់ទៅឱ្យនរណាម្នាក់ ពីព្រោះបច្ចុប្បន្ន គេបានយកបច្ចេកវិទ្យាទំនើបមកប្រើប្រាស់ក្នុងផ្លូវខុសកាន់តែច្រើន ៕
ប្រភព ៖ Mono News










