នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀង ខាន់ ជេមស៍ ដែលមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈជាង១០ឆ្នាំមកហើយ បានចេញវីដេអូហ៊ានយកកេរ្តិ៍ឈ្មោះកិត្តិយសរបស់លោកធានាភាពស្អាតស្អំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពុំមានការបោកបញ្ឆោតប្រជាជនឡើយ។ ការអះអាងនេះលោកបានឱ្យដឹងថា ចាប់តាំងពីស្គាល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មកលោកឃើញថាអ្នកឧកញ៉ាជាមនុស្សមានសច្ចៈភាពទៀតត្រង់ ជាពិសេសនៅពេលលោកបានរួមការងារក្នុងផលិតហ្គាឡាក់ស៊ី កាន់តែមានភាពជឿជាក់ថែមទៀត។
អ្នកមួយចំនួនជ្រាបមកហើយថា អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវអថិជនដែលជាអ្នកទិញផ្ទះរបស់លោកបានបង្ហោះព័ត៌មានក្រោយពីបង់លុយហើយមិនមានការសាងសង់ផ្ទះ ខណៈអ្នកឧកញ៉ារូបនេះក៏ទទួលស្គាល់ថាមានភាពយឺតយ៉ាវពិតមែនលើសំណង់ផ្ទះរបស់អតិថិជនដោយសុំការយោគយល់អធ្យាស្រ័យ ដោយអ្នកឧកញ៉ាបានអះអាងថា ពុំបោកប្រាស់គេចវេសទៅណាឡើយ ពោលនឹងពន្លឿនការសាងសង់ ដោយហេតុការយឺតយ៉ាវនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកល។
ជាមួយគ្នានេះដែរ តារាចម្រៀងចំណូលថ្មីក្នុងផលិតហ្គាឡាក់ស៊ីណាវ៉ាត្រា លោក ខាន់ ជេមស៍ បានបង្ហោះវីដេអូខ្លីព្រមទាំងហ៊ានយកកេរ្តិ៍ឈ្មោះរបស់លោកធានាភាពស្អាតស្អំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ លោក ខាន់ ជេមស៍ បានរៀបរាប់ថា «ចាប់តាំងពីបានស្គាល់អ្នកឧកញ៉ា មកគឺមើលឃើញថាលោកជាមនុស្សមានសច្ចៈភាពទៀងត្រង់ខ្ពង់ខ្ពស់ជាទីបំផុត រហូតបានរួមការងារជាមួយហ្គាឡាក់ស៊ីទៀត លោកកាន់តែមើលឃើញច្បាស់ពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការខំប្រឹងប្រែង មត់ចត់ អត់ធ្មត់ មានទំនួលខុសត្រូវលើការងារ ជាពិសេសមានឆន្ទៈស្មារតីលើកតំកើនជំរុញសិល្បៈខ្មែរឈានចូលឆាកអន្តរជាតិ ហើយលោកសង្ឃឹមថាបងប្អូនទាំងនៅក្នុងស្រុក និងក្រៅស្រុកមេត្តាយោគយល់ពីទឹកចិត្តនៃការខិតខំប្រឹងប្រែរបស់អ្នកឧកញ៉ារួមចំណែកក្នុងការជួយមាតុភូមិពេលកន្លង លោកក៏សុំយកកត្តិយស និងភាពជឿជាក់គាំទ្រទៅលើភាពស្មោះត្រង់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាផងដែរ»។
គួរបញ្ជាក់ផងដែរថា លោក ខាន់ ជេមស៍ និងកូនស្រីបានដឹកដៃគ្នាចុះកុងត្រាជាមួយផលិតកម្មហ្គាឡាក់ស៊ីកាលពីខែមីនា កន្លងមកនេះក្រោយពីប្រកាសបើកផលិតកម្មខ្លួនឯងបានមួយរយៈពេលខ្លី៕










