រមណីយដ្ឋានអូរដាស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រពីទីរួមខេត្ដ និងប្រមាណ ៣០ គីឡូម៉ែត្រពីខ្លោងទ្វារចូលនៃវត្ដខ្លុង។
ទឹកធ្លាក់អូរដា បានបែងចែកជា ៣ តំបន់កម្សាន្ដ គឺនៅផ្នែកខាងលើ ទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្លង់។ បន្ទាប់មកនៅផ្នែកកណ្ដាល ជាទីកន្លែងលេងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ពីព្រោះវាហូរធ្លាក់លើផែនថ្មជាដំណាក់រាក់ៗ ដែលផ្ដល់អំណោយផលសម្រាប់ងូត និងគេងសំដិល។
ចំណែកនៅផ្នែកខាង ជាតំបន់ទឹកហូរគួចខ្លាំងពេលទឹកជន់ឡើង ពុះជ្រែកក្រហែងថ្មធំៗមុននឹងធ្លាក់ទៅក្នុងស្ទឹងដែលហ៊ុំព័ទ្ធដោយព្រៃប្រឹក្សាប្របមាត់ទឹក ដែលបង្កើតបានជាបរិយាសដ៏ត្រជាក់ល្ហឹម។
នៅទីនេះ មានទេសភាពស្រស់បំព្រង និង អំណោយផលណាស់ដល់វិស័យទេសចរណ៍ ដោយយើងឃើញមានព្រៃឈើក្រាលគ្របក្រាស់ឃ្មឹកមានថ្មដុះតូចធំ និង ខ្សែទឹកហូរ ធ្វើឱ្យទេសភាពនៅ អូរដា ចោលសម្រស់ឆើតឆាយគួរជាទីគយគន់ ។
មានរឿងដំណាលមកថា អូរដា កាលដើមឡើយគេហៅថា ដាអារ៉ៃ ឬ ដាព្រះនាងឳរ៉ៃ ដែលមានរឿងព្រេងនិទានមួយ ទាក់ទងនឹងតំបន់រមណីយដ្ឋាននេះថែមទៀតផង ក៏ប៉ុន្តែទោះជាយ៉ាងណា អូរដា រហូតមកដល់ពេលនេះ នៅតែមានប្រជាប្រិយ មិនចាញ់តំបន់ទឹកធ្លាក់មួយចំនួនទៀត នៅលើទឹកដីខេត្តពោធិ៍សាត់នោះឡើយ ពីព្រោះអូរដា មានទេសភាពស្អាត និង ខ្យល់ជំនោរត្រជាក់បរិសុទ្ធណាស់ ជាពិសេសនៅដើមរដូវស្សា ៕










