រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។May be an image of 2 people, map, dais and text

កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖

  1. កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង
  2. ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យាMay be an image of 13 people, dais and text

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។May be an image of 8 people and text

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕