រាជធានីបាងកក៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលសំឡេងនាំមុខគណបក្សផ្សេងៗទៀត ដែលបានចូលរួម នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងប្រទេសថៃ ហើយឥឡូវនេះ អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានកោតសរសើរ ចំពោះជ័យជម្នះនេះ។
សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដី កាលពីថ្ងៃអង្គារ បានសាទរចំពោះគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលបានឈ្នះការបោះឆ្នោត ថា ជាអ្នករំខានដល់ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ហើយថា មេទ័ពកំពូលៗមានវ័យចំណាស់ បង្កភាពចលាចល អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គួរតែចូលនិវត្តន៍ ដោយសេចក្តីថ្លៃថ្នូរ។
មហាសេដ្ឋី និរទេសខ្លួនដោយខ្លួនឯង ហើយជាឥស្សរជនជាន់ខ្ពស់ នៅក្នុងឆាកនយោបាយរបស់ប្រទេសថៃ ដោយគ្រួសាររបស់គាត់ ជាកម្លាំងជំរុញនៅពីក្រោយគណបក្សភឿថៃ ឲ្យលេចធ្លោនោះ បានបញ្ជាក់ ថា គណបក្ស Move Forward បានបង្ហាញ អំពីប្រព័ន្ធផ្សព្វផ្សាយសង្គម និង មាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ (UGC) អាចយកឈ្នះលើយុទ្ធនាការចំណាយដ៏ច្រើន និង ការទិញសន្លឹកឆ្នោត។
នៅមុនការបោះឆ្នោត កាលពីថ្ងៃអាទិត្យ លោក ថាក់ស៊ីន ជាអ្នកនយោបាយដ៏មានប្រជាប្រិយបានឈ្នះរាល់ការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០១រហូតមក បើទោះជាត្រូវបានបណ្តេញចេញពីតំណែង ចំនួន៣ដងក៏ដោយ។
គណបក្សភឿថៃ (Pheu Thai) បានយល់ព្រមបង្កើតសម្ពន្ធភាពចំនួន៦គណបក្ស ជាមួយគណបក្សចលនាឆ្ពោះទៅមុខ ដោយក្ដីសង្ឃឹម ថា នឹងចូលរួមរុញច្រានឲ្យគណបក្សគាំទ្រដោយយោធាដែលចាញ់នូវការបោះឆ្នោតនោះ ចាកចេញពីរដ្ឋាភិបាល នៅក្នុងប្រទេសងាយរងការធ្វើរដ្ឋប្រហារមួយនេះ។
លោក ថាក់ស៊ីន នៅតែមានឥទ្ធិពលយ៉ាងខ្លាំង បើទោះជាគាត់កំពុងតែនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេលប្រហែល១៧ឆ្នាំ ដើម្បីគេចចេញពីទោសជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទរំលោភអំណាច និង ពុករលួយ។ ប៉ុន្ដែអតីតនាយករដ្ឋមន្រ្ដីរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។
លោក ថាក់ស៊ីន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ អំពីគម្រោងវិលត្រឡប់ មកកាន់ប្រទេសថៃវិញ នៅក្នុងខែកក្កដា ខាងមុខនេះ។ ប៉ុន្ដែមន្រ្ដីថៃខ្លះ បានអះអាង ថា គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន បានសន្យា អំពីភក្ដីភាព ចំពោះព្រះបរមរាជវាំង ហើយបានសង្កត់ធ្ងន់ ថា គណបក្សភឿថៃ នឹងមិនគាំទ្ររាល់សកម្មភាពណាមួយ ធ្វើឡើង ដោយគណបក្សចលនាឆ្ពោះទៅមុខ ដែលនឹងនាំឲ្យប៉ះពាល់ដល់របបរាជានិយម។
គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានយកឈ្នះលើគណបក្សគាំទ្រដោយយោធារាជានិយម ដែលគណបក្សចំនួន២ នៅក្នុងចំណោមបក្សទាំងនោះ បានដឹកនាំដោយអតីតមេទ័ព ជាប់ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារយោធា ប្រឆាំងនឹងលោក ថាក់ស៊ីន ហើយរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីរបស់គាត់។
បើទោះជាយ៉ាងណា លោក ថាក់ស៊ីន បានច្រានចោលនូវការរំពឹងទុក ចំពោះកិច្ចព្រមព្រៀងសម្ងាត់ ជាមួយមេទ័ពម្នាក់ នៅក្នុងចំណោមមេទ័ពទាំងនោះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ចេតនាបែបនេះ គឺជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សភឿថៃ៕










