ប្រទេសថៃ ៖ អនុសេនីយ៍ឯក Sombat Banchamek ឬ បួ ខាវ គឺជាកំពូលកីឡាករប្រដាល់ល្បីល្បាញមួយរូបប្រចាំប្រទេសថៃ បានខឹងសម្បារជាខ្លាំង និងទទួលយកមិនបាន ដោយសារវែបសាយភ្នាល់អនឡាញមួយបានយករូបភាពរបស់ខ្លួនទៅបបួលឱ្យពលរដ្ឋ និងយុវវ័យថៃឱ្យងាកមកលេងភ្នាល់តាមអនឡាញយ៉ាងបើកចំហ ។
បួ ខាវ មានអាយុ៤១ឆ្នាំ ជាកីឡាករប្រដាល់ដែលមានការស្រឡាញ់ចូលចិត្តពីពលរដ្ឋថៃគ្រប់ស្រទាប់ បានត្រៀមខ្លួនដាក់ពាក្យបណ្តឹងវែបសាយភ្នាល់តាមអនឡាយមួយ ដែលយករូបភាពរបស់ខ្លួនទៅផ្សព្វផ្សាយពាណិជ្ជកម្ម ។ បួ ខាវ បញ្ជាក់ថា ខ្លួនបានមិនជាប់ពាក់ព័ន្ធនឹងវែបសាយភ្នាល់ណាមួយទេ ។
អ្នកគាំទ្រ Muay Thai និងជនបរទេសបានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់កីឡាករ បួ ខាវ តាំងពីកីឡាកររូបនេះបានទទួលជើងឯក K-1 World MAX ចំនួន២ដង កាលពីឆ្នាំ២០០៤ និងឆ្នាំ២០០៦ ។ លើសពីនេះ រូបគេបានទៅប្រដាល់ក្នុងសង្វៀនប្រដាល់ជាច្រើននៅប្រទេសនានាលើពិភពលោក ហើយបានធ្វើឱ្យវែបសាយភ្នាល់យករូបភាពរបស់កំពូលកីឡាករប្រដាល់រូបនេះទៅផ្សព្វផ្សាយ ក្នុងគោលបំណងទាក់ទាញឱ្យពលរដ្ឋ និងយុវវ័យថៃជឿតាម ហើយងាកមកលេងល្បែងភ្នាល់តាមអនឡាញ ។ ដូច្នេះ គេចាត់ទុកថា ការប្រព្រឹត្តរបស់វែបសាយភ្នាល់នឹងបង្កគ្រោះថ្នាក់ដល់ក្មេងជំនាន់ក្រោយ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខជាតិផងដែរ ។
បួ ខាវ ក្រៅពីមានតួនាទីជាកីឡាករហើយ រូបគេក៏ជាប្រធានដឹកនាំការផ្សព្វផ្សាយសិល្បៈ Muay Thai ទៅដល់កងទ័ពផងដែរ ។ បួ ខាវ ធ្លាប់ជាគ្រូបង្វឹកដល់កងទ័ពអាមេរិកក្នុងកម្មវិធីបណ្តុះបណ្តាល Cobra Gold 2023 រវាងកងទ័ពអាមេរិក និងកងទ័ពថៃ កាលពីដើមឆ្នាំ២០២៣ ហើយ បួ ខាវ ក៏ជាប្រធានគ្រប់គ្រងក្រុមប្រដាល់ជម្រើសជាតិថៃ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា ៕
ប្រភព ៖ MGR Sport










