ប្រទេសសិង្ហបុរី ៖ ក្រុមយុវជនសិង្ហបុរីកំពុងតែប្រឈមនឹងបញ្ហាការចាយវាយក្នុងជីវភាពប្រចាំថ្ងៃ ខណៈតម្លៃលំនៅឋាន និងខុនដូប្រណីតៗបានកើនឡើងជាបន្តបន្ទាប់ បណ្តាលឱ្យអ្នកនៅលីវភាគច្រើនសម្រេចចិត្តត្រឡប់ទៅរស់នៅស្រុកកំណើតវិញ ពីព្រោះពួកគេគ្មានប្រាក់បង់ឈ្នួលផ្ទះ ។ ចំណែកជនបរទេសរស់នៅប្រទេសសិង្ហបុរី ត្រូវបង់ពន្ធរហូតដល់៦០% និងបន្ថែមការដាក់សម្ពាធលើគណបក្សនយោបាយរបស់រដ្ឋាភិបាលផងដែរ ខណៈរយៈពេល៦ខែទៀតដល់រដូវកាលបោះឆ្នោត ។
ក្រោយពីគណៈរដ្ឋមន្ត្រីសិង្ហបុរីបានសម្រេចដំឡើងពន្ធលើអចលនទ្រព្យម្តងទៀតកាលពីថ្ងៃទី២៧ ខែមេសា កន្លងមក គឺសម្រាប់ជនបរទេសរស់នៅក្នុងប្រទេសនេះត្រូវបង់ពន្ធទ្វេដង ខណៈកាលពីមុន ជនបរទេសត្រូវបង់ពន្ធអលចនទ្រព្យស្មើ៣០% ប៉ុន្តែបច្ចុប្បន្ន ពួកគេត្រូវបង់ពន្ធរហូតដល់៦០% ។ លើសពីនេះ សម្រាប់ពលរដ្ឋសិង្ហបុរីណាដែលត្រូវការទិញផ្ទះទី២ និងផ្ទះទី៣ ក៏ត្រូវបង់ពន្ធលើសមុនប្រមាណ៣%-៥% ផងដែរ ។
លើសពីនេះ ការដំឡើងពន្ធលើអចលនទ្រព្យនៅសិង្ហបុរី មិនបានធ្វើឱ្យអ្នកនៅលីវសប្បាយចិត្តទេ ខណៈតម្លៃអចលនទ្រព្យបានបន្តកើនឡើង ។ អ្នកនៅលីវភាគច្រើនបានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅចេញពីទីក្រុង ខណៈអ្នកនៅលីវខ្លះបានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ ហើយមួយចំនួនទៀតបានផ្លាស់មករស់នៅទីក្រុងបាងកក ប្រទេសថៃ ។
រឿងនេះបានប៉ះពាល់ដល់រដ្ឋាភិបាល លោក Lee Hsien Loong ផងដែរ ខណៈលោកទទួលបានជ័យជម្នះជាប់ៗគ្នាក្នុងការបោះឆ្នោត ប៉ុន្តែផលប៉ះពាល់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្នបានបង្កើតស្លាកស្នាមយ៉ាងជ្រៅសម្រាប់ប្រទេសសិង្ហបុរីជំនាន់ថ្មី ។ គេមើលឃើញថា តម្លៃលំនៅឋានបានកើនឡើងអស់រយៈពេល១២ត្រីមាស ហើយគ្មានសញ្ញាធ្លាក់ចុះទេ ។
បើតាមជនជាតិសិង្ហបុរីម្នាក់ អាយុ២៨ឆ្នាំ ដែលបានផ្តល់ព័ត៌មានមកកាន់សារព័ត៌មាន Bloomberg ថា ៖ «គ្រប់គ្នាដឹងថា សិង្ហបុរី គឺជាប្រទេសមួយដែលងាយស្រួលរស់នៅ ប៉ុន្តែវាគួរឱ្យសោកស្តាយ ដោយសាររដ្ឋាភិបាលគ្មានវិធានការចាត់ការលើតម្លៃផ្ទះជួលកើនឡើងនាពេលនេះ» ។
ទោះយ៉ាងណា គេសង្កេតឃើញថា មូលហេតុចម្បង គឺដោយសារមានកំណើនវិនិយោគិនចិន និងវិនិយោគិនមកពីប្រទេសផ្សេងទៀតនៅសិង្ហបុរី ហើយពួកគេមានតម្រូវការទិញលំនៅឋានកើនឡើង ដូច្នេះ ទើបធ្វើឱ្យតម្លៃផ្ទះជួល និងអាផាតមិន កើនឡើងខ្ពស់ ។ សារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយថា តម្លៃផ្ទះជួលនៅសិង្ហបុរីបានកើនខ្ពស់វ៉ាដាច់ទីក្រុងញូវយ៉កទៀតផង ៕ ប្រភព ៖ Bangkok biznews










