ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងប្រើបណ្ណថ្មី ខណៈបណ្ណចាស់ចាត់ទុកជាមោឃៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។
យោងតាមសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃទី១១ ខែឧសភានេះ បានបញ្ជាក់ថា
«ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ភសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាសស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ» ។
សូមរម្លឹកថា សម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការកោតស្ញប់ស្ញែងជាខ្លាំង នូវការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន រហូតទទួលបានការកោតសរសើរ និងល្បីល្បាញលើឆាកអន្ដរជាតិ ៕