Home ព័ត៌មានអន្តរជាតិ តើអាចទ្រាំបន្តទៀតទេ បើជួបចរិតម្តាយក្មេកបែបនេះ ?

តើអាចទ្រាំបន្តទៀតទេ បើជួបចរិតម្តាយក្មេកបែបនេះ ?

75
0

ប្រទេសវៀតណាម ៖ ស្ត្រីវៀតណាមម្នាក់បានរៀបរាប់ថា ម្តាយក្មេករបស់នាងបានប្រើនាងឱ្យលាងចាន ហើយពេលលាងចានរួច ក៏មិនឱ្យនាងសម្រាកដែរ គឺត្រូវរង់ចាំឱ្យចាន និងរបស់របរប្រើប្រាស់ទាំងអស់ស្ងួតសិន ។ ស្ត្រីរូបនេះបានសួរថា តើម្តាយក្មេករបស់នាងធ្វើហួសហេតុពេកទេ ? ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសវៀតណាមបានបញ្ចេញមតិជាច្រើន ។

កន្លងមក យើងតែងប្រទះឃើញរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងជម្លោះរវាងម្តាយក្មេក និងកូនប្រសាស្រី បើទោះជារឿងតូចតាចក្តី ប៉ុន្តែវាក៏អាចក្លាយជាបញ្ហាធំបាន ។ កាលពីពេលថ្មីៗនេះ មានស្ត្រីវៀតណាមម្នាក់បានបង្ហោះក្នុងបណ្តាញសង្គមដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនថា នាងជាកូនប្រសាស្រីពៅ ដោយនាងបានរៀបការ និងចូលមករស់នៅក្នុងផ្ទះខាងស្វាមី ។ នាងបន្តថា តួនាទីរបស់នាង គឺត្រូវលាងចានពេលផ្ទះម្តាយក្មេករៀបចំជប់លៀងផ្សេងៗ ។ ម្តាយក្មេកនាង គឺជាមនុស្សល្អិតល្អន់ណាស់ រហូតដល់នាងមិនពេញចិត្ត ។

នាងរៀបរាប់ថា នៅពេលលាងចានម្តងៗ គឺត្រូវលាងជាមួយទឹកស្អាតជាច្រើនលើក ហើយក្រោយពីលាងរួចរាល់ ក៏នាងមិនអាចសម្រាកបានដែរ គឺត្រូវយកចាន និងរបស់របរផ្សេងៗទៅហាលថ្ងៃ រួចរង់ចាំឱ្យចានទាំងអស់ស្ងួតសិន ទើបនាងប្រមូលទុកដាក់ ។ ក្រៅពីនេះ ម្តាយក្មេកនាងបានរអ៊ូរទាំជាច្រើនរឿងទៀត ហើយធ្វើឱ្យនាងពិបាកចិត្តជាខ្លាំងពេលជួបមុខគាត់ម្តងៗ ។

ស្ត្រីជាកូនប្រសានិយាយថា ៖ «ខ្ញុំជាកូនប្រសាស្រីពៅ ហើយម្តាយក្មេកខ្ញុំជាមនុស្សល្អិតល្អន់ និងមានរបៀបរបបខ្លាំងណាស់ ។ បន្ទាប់ពីខ្ញុំលាងចាន និងចង្កឹះរួចហើយ ខ្ញុំត្រូវអង្គុយរង់ចាំឱ្យរបស់របរទាំងអស់នេះស្ងួតសិន ទើបប្រមូលយកទៅទុកដាក់ ។ គ្រប់ពេលដែលខ្ញុំនិយាយទៅកាន់ម្តាយក្មេក ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់» ។

រឿងរ៉ាវរបស់ស្ត្រីខាងលើបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅវៀតណាមប្រកែកគ្នាទៅវិញទៅមក ខណៈអ្នកខ្លះនិយាយថា ម្តាយក្មេកធ្វើបែបនេះបង្កការលំបាក និងដាក់សម្ពាធមកលើកូនប្រសាស្រី ។ ប៉ុន្តែអ្នកខ្លះបាននិយាយកាន់ជើងម្តាយក្មេកថា ទម្លាប់ស្អាតបាតគឺជារឿងល្អ ហើយកូនប្រសាស្រីត្រូវតែរៀនសូត្រ និងធ្វើតាម វាគ្មានខាតបង់អ្វីទេ ៕ ប្រភព ៖ khaosod