ភាគច្រើននៅលើផ្ទៃផែនដីយើងនេះ គឺជាទឹកសមុទ្រ ដែលមានតួនាទីយ៉ាងច្រើននៅក្នុងតម្រូវការបរិស្ថានរបស់ផែនដី ។ ដូច្នេះហើយតើអ្នកដឹងទេថា ទឹកសមុទ្រកកើតឡើងតាំងពីពេលណា?
ប្រហែលជា៤,៥០០លានឆ្នាំមុន ផែនដីមានសណ្ឋានខុសពីបច្ចុប្បន្ន គឺពុំមានមហាសមុទ្រ និងសមុទ្រនោះទេ។ ភ្នំភ្លើងបានព្រួសកម្អែល ផេះ និងឧស្ម័នទៅលើភពផែនដីទាំងមូល ដែលនៅពេលនោះភពផែនដីរបស់យើងមានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់។
ឧស្ម័នភ្នំភ្លើង គួបផ្សំនឹងឧស្ម័នផ្សេងៗ និងចំហាយទឹកបានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី។ នៅខណៈពេលបរិយាកាសបានវិវត្ត ផែនដីក៏បានចុះត្រជាក់ម្តងបន្តិចៗ។ ប្រហែលជា៤ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ល្មមដែលធ្វើឱ្យចំហាយទឹកក្លាយជាកំណក ហើយធ្លាក់មកជាភ្លៀងយ៉ាងខ្លាំង។
ទឹកភ្លៀងបានចាប់ផ្តើមចាក់បំពេញតំបន់ទាប និងកំហូងនៃផ្ទៃរបស់ផែនដី ហើយមហាសមុទ្រដំបូងក៏បានកកើតឡើង។ ដូចនេះហើយមហាសមុទ្របានផ្លាស់ប្តូរជាច្រើនទៅតាមប្រវត្តិនៃភពផែនដី៕











