បច្ចុប្បន្ន វិស័យសារព័ត៌មានពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក រហូតដល់ប្រទេសមួយចំនួនបានចែងច្បាប់ថា «អំណាចសារព័ត៌មាន» ជាអំណាចធំមួយក្នុងចំណោមអំណាចធំៗទាំងបួន រីឯប្រទេសមួយចំនួនទៀត ទោះបីមិនមានការចែងច្បាប់យ៉ាងនេះក៏ដោយ ក៏គេចាត់ទុកវិស័យសារព័ត៌មានគឺជាវិស័យមានឥទ្ធិពលមួយផងដែរ។
ដូច្នេះហើយតើកាសែតត្រូវបានបោះពុម្ពដំបូងនៅប្រទេសណា?
ការបោះពុម្ពកាសែតលើកដំបូងបានកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៦០៩ នាចុងសតវត្សទី១៥ ដែលត្រូវបានបោះពុម្ពក្នុងទម្រង់ជាសារព័ត៌មានខ្លីនៅលើសន្លឹកក្រដាសធំៗ។ ជានិច្ចកាលគេបានរំលេចនូវមាតិកាគួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សង្គ្រាម ស្ថានភាពសេដ្ឋកិច្ច ទំនៀមទម្លាប់សង្គម និងការចាប់អារម្មណ៍របស់មនុស្សជាតិជាដើម។ កាសែតដំបូងបង្អស់ត្រូវបានសរសេរ និងអានថា Corantos (ខូរេនថូស) ខណៈការសរសេរកាសែតខ្លីៗនាពេលនោះ គឺសរសេរដោយដៃសុទ្ធសាធ។
ការបោះពុម្ពកាសែតដែលទទួលជោគជ័យលើកដំបូង គឺកាសែត The Weekly News នៅក្នុងឆ្នាំ១៦២២។ រីឯកាសែតពិតប្រាកដដំបូងគេជាភាសាអង់គ្លេស គឺកាសែត the London Gazette នៅក្នុងឆ្នាំ១៦៦៦។ ទោះជាយ៉ាងណា ប្រវត្តិនៃការបោះពុម្ពអាចមានប្រវត្តិរាប់ពាន់ឆ្នាំកន្លងមកហើយ គឺនៅពេលដែលប្រជាជនស៊ូមែរ (Sumer) នៅមជ្ឈិមបូព៌ាបានរៀនបញ្ជូនព័ត៌មានតាមការរចនាចម្លាក់នៅលើដីឥដ្ឋសើម។
នៅពេលបច្ចុប្បន្ននេះរូបភាពនៃការបញ្ជូនព័ត៌មានតែងធ្វើតាមរយៈសៀវភៅ ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ សារអេឡិចត្រូនិក ឬប្រព័ន្ធអ៊ីនធឺណិត ដែលយើងហៅសាមញ្ញថា កាសែតអនឡាញ៕











