ប្រទេសថៃ ៖ នៅថ្ងៃទី៨ ខែឧសភា ការិយាល័យឧតុនិយមប្រទេសថៃបានព្យាករណ៍អាកាសធាតុថា នៅផ្នែកខាងជើងប្រទេសថៃនឹងមានខ្យល់ព្យុះរដូវក្តៅ ផ្គររន្ទះ ខ្យល់កន្ត្រា្កក់ មានដុំទឹកកកធ្លាក់នៅតំបន់ខ្លះ និងមានផ្លេកបន្ទោរកើតឡើងតាមតំបន់ផ្សេងៗផងដែរ ។ ដូច្នេះ សូមឱ្យពលរដ្ឋរស់នៅក្នុងបរិវេណនេះប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសារព្យុះរដូវក្តៅ ហើយគួរចៀសវាងស្ថិតនៅទីវាល នៅក្រោមដើមឈើធំ ការដ្ឋានសាងសង់ ឬផ្ទាំងឃោសនាមិនរឹងមាំ ។
លើសពីនេះ ពលរដ្ឋទាំងអស់មិនគួរដាក់វត្ថុលោហៈជាប់ខ្លួន និងចៀសវាងការប្រើប្រាស់ទូរស័ព្ទដៃផងដែរ ខណៈមានភ្លៀងព្យុះ និងផ្គររន្ទះ ។ រីឯកសិករគួរតែត្រៀមខ្លួនការពារ និងប្រយ័ត្នការខូចខាតចំពោះទិន្នផលដំណាំ និងគ្រោះថ្នាក់ផ្សេងៗចំពោះសត្វចិញ្ចឹមផងដែរ ។
ខណៈមានឥទ្ធិពលអាកាសធាតុមកពីប្រទេសចិនបានគ្របដណ្តប់មកលើភាគខាងជើងប្រទេសវៀតណាម និងសមុទ្រចិនខាងត្បូង គេរំពឹងថា វានឹងគ្របដណ្តប់មកលើភាគខាងជើងប្រទេសថៃ ចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៣ ។ លើសពីនេះ នឹងមានខ្យល់ពីទិសខាងត្បូង និងអាគ្នេយ៍ ហើយវានឹងនាំសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងមកគ្របដណ្តប់ភាគខាងជើងប្រទេសថៃ ខណៈបរិវេណនេះមានអាកាសធាតុក្តៅខ្លាំង ។
នៅចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខ្យល់បក់ពីទិសខាងលិច និងនិរតី ដែលគ្របដណ្តប់មកលើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ នឹងមានកម្លាំងខ្យល់ខ្លាំង ដែលធ្វើឱ្យខេត្តនៅភាគខាងត្បូងប្រទេសថៃមានព្យុះផ្គររន្ទះបន្ថែមទៀត ។ ចំណែកនៅបរិវេណសមុទ្រ Andaman នឹងមានរលកខ្ពស់ៗកម្ពស់១ម៉ែត្រ ហើយបរិវេណដែលមានខ្យល់ព្យុះនិងផ្គររន្ទះ នឹងមានរលកកម្ពស់២ម៉ែត្រ ។ ហេតុនេះ ការិយាល័យឧតុនិយមប្រទេសថៃបានសំណូមពរឱ្យអ្នកនេសាទបើកទូកដោយប្រុងប្រយ័ត្ន និងចៀសវាងការបើកទូកនៅពេលមេឃកំពុងភ្លៀង និងមានខ្យល់ព្យុះ ៕
ប្រភព ៖ sanook










