ប្រទេសកម្ពុជា ៖ សារព័ត៌មានប្រទេសថៃបានចុះផ្សាយថា ការដាក់ពិន្ទុក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជាមិនយុត្តិធម៌ទេ ដែលបានធ្វើឱ្យកីឡាករថៃចុះចាញ់ ខណៈក្រុមកីឡាករថៃបានត្រៀមខ្លួនហ្វឹកហាត់យ៉ាងខ្លាំង និងត្រៀមខ្លួនអស់រយៈពេលយូរណាស់ ប៉ុន្តែបែរជាមកចុះចាញ់កីឡាករខ្មែរជាម្ចាស់ផ្ទះទៅវិញ ។
កីឡាករថៃឈ្មោះ ផានុវ៉ាត់ ឌីយ៉ាតាម ជាម្ចាស់ពានរង្វាន់ជើងឯកអាស៊ីចុងក្រោយបង្អស់បាននិយាយទាំងស្រក់ទឹកភ្នែក ក្រោយពីរូបគេជាមួយកីឡាករដៃគូម្នាក់ទៀតឈ្មោះ ណាវិន កកែវ បានចាញ់ពិន្ទុកីឡាករខ្មែរ ហើយកីឡាករថៃទាំងពីររូបនេះទទួលបានត្រឹមតែមេដាយប្រាក់ប៉ុណ្ណោះ ហើយកីឡាករខ្មែរជាម្ចាស់ផ្ទះទទួលបានមេដាយមាស ។
កីឡាករ ណាវិន កកែវ និយាយថា ៖ «ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែបញ្ហាមកពីគណៈកម្មការដាក់ពិន្ទុ ។ បើទោះជាពេលនេះ វាជាការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូងរបស់ពួកយើង ប៉ុន្តែពួកយើងបានដាក់ក្តីសង្ឃឹមខ្ពស់ណាស់» ។
ចំណែកកីឡាករ ផានុវ៉ាត់ ឌីយ៉ាតាម បាននិយាយទាំងស្រក់ទឹកភ្នែកថា ៖ «កីឡាករដែលចូលរួមប្រកួត យើងដឹងទាំងអស់ព្រោះធ្លាប់ជួបមកអស់ហើយ រួមទាំងកីឡាកររបស់ម្ចាស់ផ្ទះកម្ពុជាផងដែរ ដែលទើបជួបគ្នាក្នុងការប្រកួតដណ្តើមជើងឯកអាស៊ីលើកចុងក្រោយ ។ ដូច្នេះ យើងទទួលបានជ័យជម្នះរាល់លើកក្នុងការប្រកួត ប៉ុន្តែការដាក់ពិន្ទុលើកនេះមិនយុត្តិធម៌ទេ ហើយនឹងធ្វើកីឡាករអស់កម្លាំងចិត្ត ព្រោះយើងបានត្រៀមខ្លួនហ្វឹកហាត់ខ្លាំងក្លា និងប្រើពេលយូរណាស់ ហើយក៏មិនបានត្រឡប់ទៅផ្ទះរកម៉ែ និងមិនបានជួបអ្នកណាឡើយ ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់ដែលចាញ់ម្ចាស់ផ្ទះនៅពេលនេះ ប៉ុន្តែយើងត្រូវប្រកួតបន្តទៀត ហើយការប្រកួតកីឡាស៊ីហ្គេមលើកក្រោយ ខ្ញុំនឹងយកឈ្នះវិញជាមិនខាន» ។
ជុំវិញការលើកឡើងរបស់កីឡាករថៃនេះ អ្នកលេងបណ្តាញសង្គមខ្មែរបានបញ្ចេញមតិថា ការដាក់ពិន្ទុការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជាមានភាពយុត្តិធម៌បំផុតហើយ ហើយកីឡាករថៃត្រូវតែទទួលស្គាល់ការពិត ។ អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់និយាយថា ការប្រកួតមានចាញ់ មានឈ្នះ នៅពេលកម្ពុជាចាញ់ហ្វីលីពីន កម្ពុជាមិនបានស្រែកថា មិនសុក្រិតនោះទេ ។ យើងត្រូវទទួលស្គាល់ពីសមត្ថភាព និងការពិត ហើយសូមឱ្យសារព័ត៌មានថៃសរសេរពីការពិតច្បាស់លាស់នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយវិជ្ជាជីវៈ និងថ្លៃថ្នូរផង ។ រីឯពលរដ្ឋខ្មែរម្នាក់ទៀតថា រៀនទទួលស្គាល់ការពិតទៅ ពេលឈ្នះ ស្រែកថាយុត្តិធម៌ ហើយពេលចាញ់ ស្រែកថាអយុត្តិធម៌ ។
ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់ទៀតថា ជនជាតិសៀម ពេលចាញ់ មិនចេះទទួលយកការពិតទេ ហើយយកលេសមិនចេះអស់មកនិយាយ ។ ប្រជាជនថៃមើលទៅខ្វះការរៀនសូត្រ និងសីលធម៌ក្នុងការរស់នៅណាស់ ព្រោះមើលងាយជាតិសាសន៍ដទៃ ។ ចំណែកពលរដ្ឋខ្មែរម្នាក់ទៀតថា គោលបំណងនៃការបង្កើតការប្រកួតកីឡាស៊ីហ្គេមនេះ គឺដើម្បីបង្កើតនូវចំណងមិត្តភាពរវាងប្រទេសអាស៊ានទាំងអស់ មិនមែនព្យាយាមបង្កើតសត្រូវទេ ហើយសៀមនៅតែជាសៀមមែន ។ ដូចគ្នានេះ ពលរដ្ឋខ្មែរម្នាក់ទៀតថា ទទួលស្គាល់ការពិតខ្លះទៅ ដើម្បីក្លាយជាប្រទេសមួយថ្លៃថ្នូរនៅលើពិភពលោក មិនមែនឃើញសមត្ថភាពគូប្រជែងល្អជាង បែរជាស្រែកថា គេប្រើល្បិច ហើយកុំជ្រុលនិយមហួសព្រំដែនពេក ។
ទោះយ៉ាងណា គេសង្កេតឃើញថា ប្រទេសថៃ និងពលរដ្ឋថៃតែងបង្កើតបញ្ហាមិនចេះចប់ជាមួយកម្ពុជា ហើយពេលកីឡាករថៃមកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ពួកគេតែងថតរូបភាពពីកម្ពុជាយកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក និងនិយាយថា កម្ពុជាខ្វះខាតចំណុចនេះ ខ្វះខាតចំណុចនោះ មិនល្អ មិនយុត្តិធម៌ និងគ្មានរបៀបរៀបរយ ។ ប៉ុន្តែចង់សួរថា តើនៅប្រទេសថៃពិតជាល្អគ្រប់ដប់ទាំងអស់ឬ ? ប្រទេសថៃក៏មានលូទឹកស្អុយ គំនរសំរាម និងគ្មានសណ្តាប់ធ្នាប់ច្រើនណាស់ ប៉ុន្តែពេលទៅប្រទេសថៃ ពលរដ្ឋខ្មែរយើងមិនដែលថតទិដ្ឋភាពទាំងនេះមកផ្សព្វផ្សាយទេ ដែលខុសពីចរិតកូនថៃមួយចំនួន ៕
ប្រភព ៖ Siamsport










