ក្រុមកំប្លែងនាយពាក់មី រួមមាននាយ ពាក់មី ,នាយគ្រឿន, នាយក្រាន់, ពូណុយ នីឡា បានសម្តែងរឿងកំប្លែងខ្លីមួយនៅក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកា បានផ្ទុះការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនរួមទាំងរដ្ឋមន្រ្តីក្រសួងព័ត៌មានផង ដ្បិតថាជាកំប្លែងខ្លីមែនតែអាចឱ្យអ្នកជិតខាងកម្ពុជាពូកែខាងទើសស្ទើរគ្រប់រឿងកកឈា.មដុំៗបាន។
ទស្សនីយ៍ភាពជាច្រើននៅក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងនគរ រួមទាំងពិភពលោកបង្ហាញពីអារម្មណ៍រំភើបអស្ចារ្យរំភើបចិត្ត ស្ងប់ស្ងែង គ្មានអ្វីប្រៀបផ្ទឹម នៅតែដក់ជាប់ក្នុងចិត្តទោះបីកម្មវិធីបានបញ្ចប់ហើយក្តីនៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មុនបង្ហាញទស្សនីយ៍ភាពដ៏អស្ចារ្យសំខាន់ៗ សិល្បករជាច្រើនរូបមកពីបណ្តាផលិតកម្មនានាក្នុងប្រទេស បានធ្វើការសម្តែងនូវបទចម្រៀងផ្សេងៗដើម្បីញុំាំងកម្មវិធីឱ្យកាន់តែសប្បាយរីករាយ បង្កបរិយាកាសឱ្យកាន់តែអធិកអធមមុនកម្មវិធីផ្លូវការឈានមកដល់។
ក្នុងនោះក៏មានការសម្តែងពិសេសពីក្រុមកំប្លែងនាយពាក់មី ក្រោយការដឹកនាំពីលោក លោកសុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ បានផ្តល់សំណើចជូនមហាជន ដោយមានតួអង្គសនិ្តសុខ ជានាយ ពាក់មី តួអង្គយក្ស ជានាយគ្រឿន តួអង្គទេវតា ជានាយក្រាន់ និងមានតួអង្គផ្សេងទៀតដូចជា ពូណុយ និងនីឡា ជាដើម។ ដ្បិតថាជារឿងកំប្លែងមែនពិតតែបង្កប់អត្ថន័យស៊ីជម្រៅខ្លាំង ដែលមហាជនបានលើកឡើងថា រឿងខ្លីមួយនេះអាចឱ្យអ្នកជិតខាងកម្ពុជាដែលចូលចិត្តពូកែទើសស្ទើរគ្រប់រឿងចាប់តាំងពីកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលចូលចិត្តយកភាពមិនល្អតូចមួយមកធ្វើជាប្រធានបទទាំងរូបផ្សេងទៀតមានល្អៗជាច្រើនមិនយកមកបង្ហាញកកឈាមបាន។
សាច់រឿងកំប្លែងខាងលើនេះក៏ឆ្លុះបញ្ចាំងឱ្យយើងដឹងថា បើសិនជាតួអង្គយក្សព្រមលុបមុខជាយក្ស បើកភ្នែកបើកចិត្តនោះយើងនិងឃើញភាពស្រស់ស្អាតជាមិនខាន កុំយកកំហុសតូចមួយជាចំណុចអវិជ្ជមានគ្របដណ្តប់លើភាពល្អ ប្រៀបបដូចជាបើអ្នកជិតខាងកម្ពុជា ព្រមបើកចិត្តបើកបេះដូងឱ្យទូលាយ យើងនឹងឃើញភាពវិជ្ជមានច្រើនជាងអវិជ្ជមានមិនខាន៕










