Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃលើកទឹកចិត្តកីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេម

នាយករដ្ឋមន្ត្រីថៃលើកទឹកចិត្តកីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេម

49
0

ប្រទេសថៃ ៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានស្នើទៅកាន់ពលរដ្ឋទាំងអស់ជួយលើកទឹកចិត្តដល់កីឡាករថៃ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា កីឡាករគ្រប់រូបជាមោទនភាពរបស់ពលរដ្ឋថៃ និងប្រទេសជាតិ ។

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃទី៥ ខែឧសភា ថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំណូមពរឱ្យពលរដ្ឋថៃទាំងអស់រួមគ្នាផ្តល់កម្លាំងចិត្តដល់កីឡាករដែលមកប្រកួតកីឡាស៊ីហ្គេម ។ ពិធីបើកការប្រកួតកីឡាស៊ីហ្គេមនេះបានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានមរតកតេជោ (Morodok Techo National Stadium) នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា កន្លងមក ។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅទីក្រុងភ្នំពេញ ត្រូវបានគេចាត់ទុកថា ជាប្រវត្តិសាស្ត្រសំខាន់របស់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ ។ លោក Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាប្រទេសថៃ ជាអ្នកតំណាងឱ្យរដ្ឋាភិបាល បានចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ។ ចំណែកក្រុមកីឡាករថៃដឹកនាំដោយលោក Ohm Chanathip Jakwala ជាកីឡាករបាល់បោះ ដោយលោកបានកាន់ទង់ជាតិថៃ និងដឹកនាំក្រុមកីឡាករចូលក្នុងទីលានប្រកួត ។

ប្រទេសថៃបានបញ្ជូនកីឡាករចំនួន៨៤៦នាក់មកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ហើយកីឡាមួយចំនួនបានធ្វើការប្រកួតរួចហើយ ។ កីឡាករថៃអាចបង្ហាញលទ្ធផលការប្រកួតរបស់ខ្លួនគួរឱ្យចាប់អារម្មណ៍ ។ អាជ្ញាធរកីឡាករថៃបានកំណត់គោលដៅដណ្តើមមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមនេះឱ្យបានជាង១៦០មេដាយ ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានតាមដានការប្រកួតកីឡាស៊ីហ្គេម និងផ្តល់កម្លាំងចិត្តដល់កីឡាករចូលរួមប្រកួតទាំងអស់ ព្រមទាំងសំណូមពរឱ្យពលរដ្ឋរួមគ្នាផ្តល់កម្លាំងចិត្ត និងគាំទ្រកីឡាករថៃគ្រប់រូបផងដែរ ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា មិនថាពួកគេទទួលបានជ័យជម្នះច្រើន ឬតិចក្តី ក៏សូមឱ្យគ្រប់គ្នាជួយលើកទឹកចិត្តក្រុមកីឡាករ និងត្រូវសាមគ្គីគ្នា ពីព្រោះកីឡាករទាំងអស់ជាមោទនភាពរបស់ពលរដ្ឋថៃ ៕ No photo description available.ប្រភព ៖ Thairath