តើមនុស្សអាចផុតពូជពីផែនដីដូចសត្វដាយណូស័រឬទេ ខណៈយើងកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ។ ចំនួនមនុស្សរស់នៅលើពិភពលោកមិនបានធ្លាក់ចុះទេ ប៉ុន្តែបែរជាកើនឡើងជាលំដាប់ រហូតដល់អង្គការសហប្រជាជាតិប្រកាសថា បច្ចុប្បន្ននេះ នៅលើពិភពលោកមានមនុស្សរស់នៅចំនួន៨ពាន់លាននាក់ ។ ដូច្នេះ ទើបគេគិតថា មនុស្សនឹងគ្មានថ្ងៃផុតពូជទេ ។
ប៉ុន្តែចម្លើយយ៉ាងខ្លី គឺពិតហើយ មនុស្សនឹងផុតពូជ បើទោះជាយើងឆ្លងផុតបញ្ហាពិភពលោកក្តៅក្តី ប៉ុន្តែចុងក្រោយ មនុស្សនឹងផុតពូជដដែល ហើយវាជាជោគវាសនាមិនអាចចៀសផុត ។ ទោះយ៉ាងណា យើងអាចសប្បាយចិត្តបាន ព្រោះយើងនៅមានពេលរាប់លានឆ្នាំទៅមុខទៀត មុននឹងថ្ងៃនោះមកដល់ ។ តើមនុស្សនឹងផុតពូជដូចម្តេច ?
អ្វីដែលកើតឡើងឆាប់រហ័សបំផុត គឺ Homo Sapiens ជាប្រភេទមនុស្សបច្ចុប្បន្ន ឬនិយាយឱ្យស្រួលស្តាប់ គឺពួកយើងនេះហើយនឹងផុតពូជក្នុងរយៈពេលមិនលើសពី១-២លានឆ្នាំ ដោយសារកម្លាំងការវិវត្ត និងដើម្បីរស់នៅបន្តទៀត ដោយអ្វីមានជីវិតវានឹងត្រូវផ្លាស់ប្តូរខ្លួនឯង ខណៈពិភពលោកបានផ្លាស់ប្តូរជានិច្ច ។ នៅថ្ងៃអនាគត កូនចៅរបស់យើងនឹងមិនមែនជាប្រភេទមនុស្ស Homo Sapiens ទៀតទេ ពួកគេនឹងក្លាយជាមនុស្សពូជថ្មី ហើយវាជាការផុតពូជនៃការវិវត្ត ។
ចុះពិភពលោករបស់យើងនឹងរលាយឬទេ ? ហើយជីវិតនៅលើពិភពលោកនេះនឹងមានថ្ងៃបញ្ចប់ឬទេ ? ចម្លើយ គឺពិតជាមាន បើទោះជា Homo Sapiens នឹងផុតពូជ ប៉ុន្តែនឹងមានជីវិតមនុស្សរស់នៅលើពិភពលោកបន្តរាប់ពាន់ឆ្នាំ រាប់លានឆ្នាំទៀត ប៉ុន្តែនៅក្នុងចក្រវាលនេះ មិនមែនមានពិភពលោកមួយទេ យើងនៅមានព្រះអាទិត្យផងដែរ ។ កាលបើពេលវេលាកន្លងផុតទៅ ព្រះអាទិត្យនឹងដុតបំផ្លាញអ៊ីដ្រូសែន ហើយវានឹងរីកកាន់តែធំ ហើយក្តៅខ្លាំង ។
ព្រះអាទិត្យនឹងបញ្ចេញថាមពលខ្លាំងក្លា និងធ្វើឱ្យទឹកក្នុងមហាសមុទ្រពុះ ហើយជីវិតភាគច្រើននឹងគ្មានអ្វីសេសសល់ ខណៈមហាសមុទ្រកាន់តែក្តៅខ្លាំង ហើយរយៈពេលពី១-២លានឆ្នាំទៀត ពិភពលោកនឹងមានសភាពដូចភពសុក្រនាពេលបច្ចុប្បន្ន ។ ព្រះអាទិត្យនឹងកាន់តែក្តៅខ្លាំង និងរីកធំឡើងក្នុងរយៈពេលពី៥-៧លានឆ្នាំទៀត ។ វានឹងក្លាយជាភពក្រហម ហើយវានឹងកំទេចភពពុធ ភពសុក្រ និងពិភពលោក ហើយមានតែភពអង្គារមួយប៉ុណ្ណោះដែលរួចខ្លួន ប៉ុន្តែភពអង្គារ ក៏នៅជិតព្រះអាទិត្យដែរ ។
ពេលនោះ នៅលើពិភពលោកនឹងគ្មានជីវិតរស់នៅទៀតទេ នេះជាចុងបញ្ចប់នៃជីវិតនៅលើផែនដី បើទោះជាមានអ្នកវិទ្យាសាស្ត្រខ្លះប្រាប់ថា ពិភពលោកនឹងមិនរលាយទេ ប៉ុន្តែព្រះអាទិត្យនឹងឈានដល់ថ្ងៃអវសាន្ត ព្រោះព្រះអាទិត្យនឹងឆេះខ្លួនវាទាំងអស់រហូតក្លាយជាភពពណ៌សមួយ ហើយវាមិនអាចផ្តល់កំដៅមកផែនដីបានទៀតទេ ។ ដូច្នេះ គ្រប់ជីវិតនឹងបាត់បង់ពីផែនដីគ្មានសល់ គ្រាន់តែថា ជីវិតនឹងបាត់បង់ដោយសារភាពត្រជាក់ ឬក្តៅ ។
ពិភពលោកនឹងឈានដល់ថ្ងៃបញ្ចប់ ប៉ុន្តែមុននឹងថ្ងៃនោះមកដល់ យើងនឹងត្រូវជួបឧបសគ្គធំៗនាពេលបច្ចុប្បន្នសិន គឺអាកាសធាតុក្តៅដែលធ្វើឱ្យធម្មជាតិប្រែប្រួលខុសប្រក្រតី ព្រមទាំងបាត់បង់នូវពូជសត្វជាច្រើនប្រភេទ និងគំរាមកំហែងដល់ការរស់នៅទៀតផង ។ គេជឿថា បើគ្រប់គ្នាជួយទប់ស្កាត់ យើងពិតជាអាចឆ្លងផុតឧបសគ្គ និងចៀសឆ្ងាយពីពិភពលោករលាយ ឬការបាត់បង់ពូជមនុស្ស ហើយយើងនឹងមានពេលវេលារាប់លានឆ្នាំទៀតដើម្បីរកដំណោះស្រាយបន្ត ៕
ប្រភព ៖ environman










